ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ មន្ត្រីការិយាល័យវាយតម្លៃភាពងាយរងគ្រោះ និងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុសម្រាប់វិស័យកសិកម្មនៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្រោមកិច្ចសហការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ចាន់ ផល្លឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន និងលោកស្រី Rebekah Bell នាយិកាអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន គ្រឹះស្ថានអប់រំ សហគមន៍កសិកម្ម អង្គការសង្គមស៊ីវិល និងវិស័យឯកជនដែលកំពុងធ្វើការងារពាក់ព័ន្ធនឹងវិស័យកសិកម្មសរុបចំនួន ៥០នាក់។ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះជាផ្នែកមួយនៃគម្រោងត្រៀមខ្លួនរបស់មូលនិធិអាកាសធាតុបៃតង (GCF) និងជាជំហានដំបូងឆ្ពោះទៅការបង្កើតការវិនិយោគផ្នែកអាកាសធាតុនាពេលអនាគត និងរៀបចំឡើងក្នុងគោលបំណង ១)វិភាគសូចនាករសំខាន់ៗដែលមានឥទ្ធិពលលើប្រព័ន្ធកសិកម្ម និងនិន្នាការបច្ចុប្បន្ន ២)កំណត់គន្លឹះនៃការផ្លាស់ប្តូរសំខាន់ៗនៅថ្នាក់ជាតិដែលគាំទ្រដល់ការអនុវត្ត Updated NDC និង LTS4CN និង៣)ដាក់ចេញជាយុទ្ធសាស្ត្រជាក់លាក់ក្នុងការអនុវត្តវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ នៅក្នុងវិស័យកសិកម្មដោយផ្តោតទៅដល់ថ្នាក់មូលដ្ឋាន។
ជាលទ្ធផលសិក្ខាសាលាបាន៖ ១)ធ្វើការសិក្សា និងកំណត់សកម្មភាពអាទិភាពក្នុងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ នៅក្នុងឯកសារគោលនយោបាយសំខាន់ៗរួមមាន Updated NDC, LTS4CN, Green Growth និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ២)ពិនិត្យ និងកំណត់សកម្មភាពវិនិយោគអាកាសធាតុជាអាទិភាពនៅក្នុងសេចក្តីព្រាងផែនការសកម្មភាពអាទិភាពស្តីពីការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម ឆ្នាំ២០៣០ (CCPAP) ៣)កំណត់វិធីសាស្ត្រក្នុងការបន្ស៊ីសកម្មភាពអាទិភាពទាំងនោះទៅនឹងនិន្នាការអាកាសធាតុនាពេលអនាគត និង៤)ធ្វើការវិភាគ និងជ្រើសរើសគម្រោងដែលមានសក្តានុពលចំនួន៤ ដើម្បីរៀបចំឯកសារទស្សនទានគម្រោងសម្រាប់ដាក់ជូនមូលនិធិអាកាសធាតុបៃតង។