ចាប់ពីថ្ងៃទី៨-១០ ខែមេសា ឆ្នាំ២០២៤ នៅខេត្តសៀមរាប មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាលើកកម្ពស់ចំណេះដឹងស្តីពី ការប្រែប្រួលអាកាសធាតុសម្រាប់យុវជន និងអ្នកសារព័ត៌មាននៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម យុន លីននេ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោកប្រធាន និងមន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្តសៀមរាប តំណាងអង្គភាពសារព័ត៌មានប្រមាណ ២០ស្ថាប័ន ក្រុមយុវជន ស.ស.យ.ក. វិស័យបរិស្ថាន យុវជន ស.ស.យ.ក ខេត្ត យុវជនកាកបាទក្រហមខេត្ត យុវជនកាយរិទ្ធិ និងសមាគមនិស្សិតបញ្ញាវ័ន្តក្មេងវត្ត សរុបចំនួន ១០០នាក់ ស្រី ៤០នាក់។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង បញ្ជ្រាប និងបង្កើនការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការផ្លាស់ប្តូរទស្សនៈនៃការយល់ដឹងរវាងយុវជន និងក្រុមអ្នកសារព័ត៌មានអំពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ នៅក្នុងសិក្ខាសាលាខាងលើនេះ មន្ដ្រីជំនាញពីនាយកដ្ឋានប្រែប្រួលអាកាសធាតុបានឡើងធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាដោយផ្តោតសំខាន់ទៅលើ ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងសមិទ្ធផលដែលកម្ពុជាសម្រេចបានឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងក្នុងកម្រិតជាតិ តំបន់ និងសកល។ 

តាមរយៈការចូលរួមចែករំលែកចំណេះដឹងពីវាគ្មិន និងវេទិកាជជែកវែកញែក អង្គសិក្ខាសាលាដែលមានក្រុមអ្នកសារព័ត៌មាន និងយុវជន បានយល់ដឹងជាច្រើនអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុទាំងក្នុងកម្ពុជា និងកម្រិតសកល ជាពិសេសការចូលរួមរបស់យុវជន និងអ្នកសារព័ត៌មានក្នុងការចែករំលែកការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការលើកកម្ពស់ជីវភាពសហគមន៍ ការចូលរួមរបស់យុវជន និងយេនឌ័រក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះផងដែរ ក្រុមអ្នកសារព័ត៌មានក៏បានចុះទៅទស្សនកិច្ចសិក្សាដល់ទីតាំងផ្ទាល់សមិទ្ធផលក្រោមការអនុវត្តគម្រោង ការកសាងភាពធន់នឹងអាកាសធាតុសម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ដែលអនុវត្តដោយក្រុមការងារប្រែប្រួលអាកាសធាតុ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) នៅក្នុងស្រុកបា្រសាទបល្ល័ង្គ ខេត្តកំពង់ធំ និងគម្រោងភាពជាដៃគូរវាងស្ថាប័នរដ្ឋ​ និងឯកជនដេីម្បីលេីកកម្ពស់ទឹកស្អាតជនបទ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប។









 

  • Share on Social Media