នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនាយកដ្ឋានប្រែប្រួលអាកាសធាតុ ដឹកនាំនិងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានបានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី «ការចូលរួមពីវិស័យឯកជន ក្នុងការគ្រប់គ្រងសំណល់ នៅទីក្រុងតំបន់ឆ្នេរនៃប្រទេសកម្ពុជា» នៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលរៀបចំដោយកម្មវិធីអង្គការសហប្រជាជាតិដើម្បីលំនៅឋានមនុស្សជាតិ (UN-habitat)។ សិក្ខាសាលានេះមានគោលបំណង ស្វែងយល់ពីទិដ្ឋភាពទូទៅ និងក្របខ័ណ្ឌច្បាប់នៃការជំរុញភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជនក្នុងប្រទេសកម្ពុជា និង  រៀបចំកិច្ចសហការរវាងស្ថាប័នរដ្ឋ និងឯកជន និងយុទ្ធសាស្រ្តក្នុងការជំរុញឱ្យវិស័យឯកជនចូលរួមក្នុងការគ្រប់គ្រងសំណល់។ លោកបណ្ឌិត ហាក់ ម៉ៅ បានអំពាវនាវឱ្យសិក្ខាកាមនិងអ្នកពាក់ព័ន្ធរួមទាំងវិស័យឯកជន ចូលរួមនិងអនុវត្តគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានដូចខាងក្រោម៖ 

  1. ចូលរួមជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយ ភាពស្អាត បៃតង ចីរភាព និងអព្យាក្រឹតកាបូន
  2. ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» 
  3. ចូលរួមយុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០% 
  4. ការជំរុញសហគមន៍ អេកូទេសចរ និងលើកទឹកចិត្តឱ្យសហគមន៍ចូលរួមដាំដើមឫស្សីដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនគម្របបៃតង 
  5. ពង្រឹងការអនុវត្តសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដើម្បីមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។

ជាលទ្ធផល៖

  • សិក្ខាកាមបានយល់ដឹងអំពីផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ គោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងភាពចាំបាច់នៃដាក់បញ្ចូលការគ្រប់គ្រងសំរាមសំណល់រឹង សំណល់ទឹកខ្វក់ និងការចូលរួមពីវិស័យឯកជន ក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ
  • វិស័យរដ្ឋនិងឯកជន បានជួបពិភាក្សាអំពីការអនុវត្តល្អៗ បញ្ហាប្រឈមសំខាន់ៗ ដែលត្រូវដោះស្រាយរួមគ្នា ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ទឹកកខ្វក់ ឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ហាញការចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» និងការដាំដើមឈើឡើងវិញ។








  • Share on Social Media