នៅខេត្តស្ទឹងត្រែង​ ចាប់ពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងយេនឌ័រសម្រាប់យុវជន។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ចៅ មុន្នីរ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងដោយមានការចូលរួមពី មន្ត្រីក្រសួងបរិស្ថាន​ មន្រ្តីរដ្ឋបាលខេត្ត​ យុវជនតំណាងមន្ទីរខេត្ត យុវជនកាកបាទក្រហម និសិ្សតបញ្ញវ័ន្តក្មេងវត្ត និងយុវជនស.ស.យ.ក ក្នុងគោលបំណងដើម្បីលេីកកម្ពស់​ចំណេះដឹងស្តីពីការប្រែប្រួលអាកាសធាតុដល់យុវជន និងកៀរគរការចូលរួមបន្ថែមពីសំណាក់សាធារណជនក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។  

ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តម មាស សុផល បានលើកឡើងពីគោលនយោបាយ​ ផែនការសកម្មភាពរបស់រដ្ឋាភិបាល​ ក៏ដូចជាក្រសួងបរិស្ថានបានដាក់ចេញសកម្មភាពជាច្រើនដេីម្បីរួមចំណែកដោះស្រាយនឹងបញ្ហាការប្រែប្រួលអាកាសធាតុ​ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ការកសាង និង ការការពារមាតុភូមិ ឆ្នាំ ២០២៣-២០២៨ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ ភាពស្អាត ភាពបៃតង និងចីរភាព​ និងជាពិសេសយុទ្ធនាការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ " ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ" ដែលបាននិងកំពុងអនុវត្តយ៉ាងផុលផុស និងរួមគ្នាយ៉ាងសកម្ម ដោយមានការចូលរួមជាង ៣ លាននាក់ ពីសាលារៀន រោងចក្រសហគ្រាស វត្តអារាម  និងពីគ្រប់ភាគីពាក់ព័ន្ធ នៅទូទាំងប្រទេស។ ឯកឧត្តមក៏បានលេីកឡេីងពីសមិទ្ធផលដែលកម្ពុជា បានលើកទ្បើងលើឆាកអន្តរជាតិ និងមានកិត្យានុភាពនៅសន្និសិទបណ្តាភាគី​ (COP28) ប្រទេសអេមីរ៉េតអារ៉ាប់រួម នាពេលថ្មីៗនេះ​ ដោយបានលើកអំពីការដាំដើមឈើប្រមាណ ១លានដើម ក្នុងមួយឆ្នាំ ដើម្បីសម្រេចឱ្យបាននូវគម្របព្រៃឈើ ៦០% និងក្លាយជាប្រទេសដែលមានអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ២០៥០ និងចូលរួមចំណែកអភិវឌ្ឍន៍ថាមពលបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានអំពាវនាវឱ្យមានការចូលរួមបន្ថែមទៀតពី យុវជន និងសាធារណជនគ្រប់ទិសទី ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទាំងអនុវត្តវិធានការការបន្ស៉ាំ និងការកាត់បន្ថយ និងរក្សានូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះរឹងមាំ និងយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ ។ 

ជាលទ្ធផលសិក្ខាកាមបានយល់ដឹងអំពីស្ថានភាពទូទៅនៃការប្រួលអាកាសធាតុរួមមាន៖​ ១​)​ និយមន័យ​ ២)​ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ៣)​ ស្ថានភាព/សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ (REDD+ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក) ៤)​ គោលនយោបាយឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងសកល  ៥)​ ប្រភពព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ និងជាពិសេសបញ្ហាយេនឌ័រនិងការប្រែប្រួលអាកាសធាតុ​ និង៦)​ ការចែករំលែកលទ្ធផលការសិក្សាស្រាវស្រាវជ្រាវស្តីពី ការស្វែងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា។





  • Share on Social Media