ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៤ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋាន និងមន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុុទ្ធសាស្ដ្រ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី បរិវត្តកម្មនៃការរៀបចំក្របខ័ណ្ឌតម្លាភាព តាមដានវឌ្ឍនភាពនៃការអនុវត្តនិងសម្រេចបាននូវផែនការចូលរួមរបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(NDC) នៅប្រទេសសិង្ហបុរី។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ ក្រសួងអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិស្ថាននៃប្រទេសសិង្ហបុរី សហការជាមួយលេខាធិការដ្ឋាននៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងដោយមានការចូលរួមពីសិក្ខាកាមមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន មានដូចជា ប្រទេសកម្ពុជា ឡាវ វៀតណាម ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ សឹង្ហបុរី ចិន ឥណ្ឌា ម៉ាល់ឌីវ ប៉ាពួញូហ្គីណេ នេប៉ាល់ ស្រីលង្កា កាហ្សាក់ស្ថាន អាហ្សែបៃហ្សាន ប៊ូតាន់ បង់ក្លាដេស និងអ្នកជំនាញមកពី UNFCCC, NDC Partnership សរុបចំនួន ៤៥នាក់។ 

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បី៖

  • បង្កើននូវការយល់ដឹង និងសមត្ថភាពបច្ចេកទេសរបស់ អ្នកជំនាញការជាតិដើម្បីយល់និងអនុវត្ត MPGs-Modalities Procedures and Guidelines ។
  • បង្កើនការយល់ដឹងពីការវិវឌ្ឍចុងក្រោយបង្អស់លើការទាក់ទងនឹងការអនុវត្តការជំរុញក្របខណ្ឌតម្លាភាព (ETF) ដូចជាឧបករណ៍ និងប្រព័ន្ធរាយការណ៍ថ្មីៗសម្រាប់អ្នកតាមដាន និងត្រួតពិនិត្យ។
  • លើកកម្ពស់ការរៀនសូត្រពីមិត្តភ័ក្តិ និងការផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនដែលបានរៀនតាមរយៈការអនុវត្តលំហាត់អន្តរកម្មលើការអនុវត្ត MPGs ។

ជាលទ្ធផល គឺអ្នកចូលរួមទទួលបានយល់ដឹងពីរបៀបនៃការរៀបចំរបាយការណ៍តម្លាភាពពីរឆ្នាំម្ដង (BTR -Biennial Transparency Report)។ ជាពិសេសបានយល់ដឹងពីបែបបទដែលភាគីនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ត្រូវអនុវត្តនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ និងចាំបាច់ដោយមានការផ្លាស់ប្តូរជាមូលដ្ឋាន អំពីរបៀបនៃការឆ្លើយតបទៅនឹងកាតព្វកិច្ចរាយការណ៍អន្តរជាតិរបស់ប្រទេសសមាជិក។ ការរៀបចំ BTR ភាគច្រើនត្រូវផ្អែកលើរបាយការណ៍ជាតិ (NCs) និងរបាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្ដង (BURs)និងតម្រូវឱ្យមានវិធីសាស្រ្តរួម និងនិរន្តរភាពដើម្បីបំពេញតាមតម្រូវការដែលបានកំណត់ក្រោមកិច្ចព្រមព្រៀងប៉ារីស។ នៅក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ភាគីទាំងអស់តម្រូវឱ្យដាក់របាយការណ៍តម្លាភាពប្រចាំឆ្នាំលើកទីមួយ (BTR1) ដោយអនុលោមតាម MPGs នៅចុងក្រោយបំផុតនៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរៀងរាល់ពីរឆ្នាំចាប់ពីពេលនេះតទៅ។ ដោយឡែកសម្រាប់ប្រទេស LDCs និងប្រទេសកូនកោះ SIDS អាចដាក់ BTR ដំបូងតាមការសម្រេចចិត្តរបស់ពួកគេ។ ឆ្នាំ២០២៤ នឹងក្លាយជាឆ្នាំដែលប្រទេសសមាជិកភាគីនានានឹងបញ្ចប់ការរៀបចំ BTR ដំបូង និងដាក់ជូននូវរបាយការណ៍នេះ។ ហេតុដូចនេះជារួមធ្វើយ៉ាងណាប្រទេសសមាជិកជំរុញការរៀបចំ និងដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុឱ្យបានមុនកិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩។

ការពង្រឹងការយល់ដឹងអំពី ETF និងការចងក្រងព័ត៌មាននៅក្នុងជំពូកដែលពាក់ព័ន្ធនៃ BTR ក៏ដូចជាការពង្រឹងសមត្ថភាព បច្ចេកទេសក្នុងចំណោមភាគីប្រទេសកំពុងអភិវឌ្ឍន៍គឺមានសារៈសំខាន់សម្រាប់ការដាក់បញ្ជូនទាន់ពេលវេលានូវរបាយការណ៍តម្លាភាពប្រចាំឆ្នាំលើកដំបូង។





 

  • Share on Social Media