ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៃក្រសួងបរិស្ថាន រួមមាន លោក លៀង សុផល អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ លោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ លោក ផា ឌីលីហួរ ជំនួយការអមក្រសួងបរិស្ថាន និងមានតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយរូប ចូលរួមវេទិកាថ្នាក់តំបន់ ស្តីពី «ការត្រៀមរៀបចំការរួមចំណែកថ្នាក់ជាតិ NDCs 3.0 សម្រាប់អាស៊ី» និងកម្មវិធីផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងកិច្ចសន្ទនារបស់ UN-REDD ស្តីពី «សកម្មភាពព្រៃឈើ និងមហិច្ឆតាអាកាសធាតុនៅអាស៊ី» ដែលប្រព្រឹត្តទៅនៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាប្រទេសផ្សេងៗ អង្គការសហប្រជាជាតិ ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា។
វេទិកាថ្នាក់តំបន់នេះមានគោលបំណងប្រមូលផ្តុំមន្ត្រីរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការដៃគូក្នុងតំបន់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលនឹងសហការគ្នាដើម្បីចែករំលែកបច្ចុប្បន្នភាពព័ត៌មាន និងចាប់យកបច្ចេកទេសថ្មីៗ និងហិរញ្ញវត្ថុ ដើម្បីគាំទ្រប្រទេសនានាក្នុងការរៀបចំការរួមចំណែកថ្នាក់ជាតិ NDCs 3.0 នៅដើមឆ្នាំ២០២៥ ខាងមុខនេះ តាមរយៈការជំរុញការគាំទ្រផ្នែកហិរញ្ញវត្ថុពីរាជរដ្ឋាភិបាល (In-kind contribution) និងដៃគូ។
វេទិកាបានប្រព្រឹត្តទៅដោយមានការចែករំលែកព័ត៌មានសំខាន់ៗទាក់ទងនឹងការរៀបចំផែនការ NDCs 3.0 ការចែករំលែកពីបទពិសោធន៍របស់ប្រទេស ក៏ដូចជាបញ្ហាប្រឈមមួយចំនួនក្នុងការរៀបចំ និងអនុវត្តផែនការចូលរួមចំណែករបស់ជាតិ ដើម្បីជាបទពិសោធន៍សម្រាប់ឆ្ពោះទៅការរៀបចំផែនការ NDCs 3.0 ដែលត្រូវដាក់ជូនទៅលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។
ប្រតិភូកម្ពុជាបានចូលរួមក្នុងកិច្ចពិភាក្សាក្រុម ដែលផ្តោតលើប្រធានបទសំខាន់ៗ ដូចជា ភាពពាក់ព័ន្ធគ្នានៃការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញវត្ថុនៃមធ្យោបាយនៃការអនុវត្ត (Means of Implementation) វិស័យសំខាន់ៗដូចជា បន្ស៊ាំនិងភាពធន់ ថាមពល ព្រៃឈើនិងការប្រើប្រាស់ដី ការដឹកជញ្ជូន សំណល់ ហិរញ្ញវត្ថុ ឆ្ពោះទៅបរិយាប័ន្ននៃផែនការNDC3.0។ កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃការបញ្ចូលកិច្ចគាំពារសង្គមទៅក្នុងផែនការ NDCs 3.0។ ជាមួយគ្នានេះ ប្រតិភូកម្ពុជាបានអំពាវនាវឱ្យមានការគាំទ្រពីដៃគូអភិវឌ្ឍន៍នានាដើម្បីផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុក្នុងការរៀបចំ NDCs 3.0 ខាងមុខនេះឱ្យកាន់តែទូលំទូលាយ និងគ្រប់ភាគីពាក់ព័ន្ធថែមទៀត។
ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid0PCG913Rd2d1m5jEXYh23pDoF7BuuFqamQxNyJHa69pqr9J3E1N6C4vUWmHz13svSl