នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នាថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០១៩៖ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមកិច្ចសហប្រតិបត្តិការ និងឧបត្ថម្ភដោយលេខាធិការដ្ឋានអនុសញ្ញាក្របខណ័្ឌសហប្រជាជាតិស្ដីពីកម្មវិធីបរិស្ថាន មូលនិធិបរិស្ថានសកល បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំជំហររបស់កម្ពុជាសម្រាប់សន្និសីទកំពូលលើកទី២៥ ដើម្បីត្រៀមនឹងចូលរួមសន្និសីទនេះ នៅទីក្រុងសាន់ត្យាហ្គោ ប្រទេសស៊ីលី ក្រោមអធិបតីភាព ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ។ សិក្ខាសាលានេះ បានរៀបចំឡើងក្នុងគោលបំណង​ ១) លើកកម្ពស់ការយល់ដឹងអំពីទិដ្ឋភាពរួមនៃកិច្ចចរចាការប្រែប្រួលអាកាសធាតុ  ២) ផ្តល់ព័ត៌មានអំពីប្រធានបទ និងរបៀបវរៈសំខាន់ៗនៃស្និសីទលើកទី២៥ និង៣) រៀបចំជំហររបស់ប្រទេសកម្ពុជាសម្រាប់សន្និសីទលើកទី២៥។ សិក្ខាសាលានេះមានការចូលរួមដោយ សមាជិក និងសមាជិកាពីក្រសួងស្ថាប័នពាក់ព័ន្ធ ចំនួន ៤០នាក់។ ឯកឧត្ដម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង ក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានបញ្ជាក់អំពីគោលនយោបាយជាតិសំខាន់ៗដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបានបញ្ជាក់ពីគោលជំហររបស់កម្ពុជាក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ អំពីតម្រូវការរបស់កម្ពុជាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងអំពីវឌ្ឍនភាពការងារ រួមមាន ការចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញា​ក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ របាយការណ៍ជាតិលើកទី៣ របាយការណ៍បច្ចុប្បន្នភាពពីរឆ្នាំម្តង និងកម្មវីធីរ៉េដបូក។ ប្រទេសកម្ពុជាបានចូលរួមក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាស ស្របតាមគោលការណ៍នៃទំនួលខុសត្រូវរួម ប៉ុន្តែក្នុងកម្រិតខុសគ្នា និងទៅតាមសមត្ថភាពរៀងៗខ្លួន។

Photo Album

  • Share on Social Media