ចាប់ពីថ្ងៃទី៤-៦ ខែធ្នូ ឆ្នាំ២០២៣ លោកស្រី ជាតិ មារតី អនុប្រធានការិយាល័យ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាស្តីពី ការត្រួតពិនិត្យការងារឆ្នាំ២០២៣ និងរៀបចំផែនការសកម្មភាពជាយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងពិធីបិទក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅសាលម៉ុក ម៉ារ៉េត ក្រសួងបរិស្ថាន។ សិក្ខាសាលានេះរៀបចំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គការដៃគូអន្តរជាតិ ប្រធានមន្ទីរបរិស្ថានទាំង ២៥រាជធានី-ខេត្ត តំណាងអគ្គនាយកដ្ឋានទាំង៥ចំណុះក្រសួងបរិស្ថាន អគ្គាធិការដ្ឋាន សវនកម្មផ្ទៃក្នុង សហគ្រាសគ្រប់គ្រងស្ថានីយផ្ទេរនិងទីលានទុកដាក់សំរាមសំណល់រឹង សរុប ៣០០នាក់។ 

សិក្ខាសាលានេះមានគោលបំណង

  • បូកសរុបការងារទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិទាំង ២៥រាជធានី-ខេត្ត 
  • ស្វែងយល់ពីបញ្ហាប្រឈមក្នុងឆ្នាំ២០២៣  ហើយប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។

លទ្ធផលនៃសិក្ខាសាលា

  • មន្ត្រីឧទ្យានុរក្សបានអនុវត្តការងារយ៉ាងសកម្មនៅតាមគោលដៅចុះល្បាតនៃតំបន់ការពារធម្មជាតិនីមួយៗ ប៉ុន្តែខ្លះមិនបានរាយការណ៍ទៅអគ្គបញ្ជាការខេត្ត ឬរដ្ឋបាលសាលាខេត្ត។
  • ការកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាយពេលយូរ ហើយពេលខ្លះភស្តុតាង ឬអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិត្រូវបានដោះលែងជាសម្ងាត់ មិនបានផ្តល់ដំណឹងដល់មន្ទីរបរិស្ថានខេត្ត
  • ការបង្រ្កាបបទល្មើស ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននៅក្នុងតំបន់ការពារធម្មជាតិគឺខ្វះកិច្ចសហការពីមន្ត្រីនគរបាលយុត្តិធម៌។
  • មន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត ត្រូវរាយការណ៍ជូនក្រសួងបរិស្ថាន អគ្គបញ្ជាការដ្ឋានខេត្ត រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធប្រចាំថ្ងៃ 
  • ក្រសួងបរិស្ថានបានសុំកិច្ចសហការជាមួយក្រសួងយុត្តិធម៌ និងក្រសួងការពារជាតិ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព 
  • ពន្លឿនការបោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋនៅតំបន់ការពារធម្មជាតិ 
  • កិច្ចពិភាក្សាលើផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងតំបន់់ការពារធម្មជាតិឆ្នាំ២០២៤-២០២៨

ថ្លែងក្នុងពិធីបិទ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម 

  • យុទ្ធនាការថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ គឺជាចំណុចចាប់ផ្តើមក្នុងការផ្លាស់ប្តូរផ្នត់គំនិតរបស់សិស្សានុសិស្សនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈ
  • ការបង្កើនគម្របព្រៃឈើឱ្យបាន 60% តាមរយៈការដាក់ចេញនូវយុទ្ធនាការដាំកូនឈើ ១លានដើមរៀងរាល់ឆ្នាំ នឹងមានកម្មវិធី App ដើម្បីតាមដានការលូតលាស់របស់កូនឈើ និងអត្តសញ្ញាណរបស់អ្នកដាំ
  • មន្ទីរបរិស្ថានខេត្តកំពតគួរពិចារណាដាំដើមត្នោតដែលជាអត្តសញ្ញាណរបស់ជាតិ ហើយខេត្តផ្សេងៗអាចជ្រើសរើសប្រភេទឈើដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងរៀបចំថ្នាលបណ្តុះកូនឈើចែកជូនប្រជាពលរដ្ឋ
  • អគ្គនាយដ្ឋានតំបន់ការពារធម្មជាតិត្រូវពង្រឹងប្រសិទ្ធភាព និងទំនើបកម្មការងាររបស់អង្គភាពចំណុះ និងជំរុញការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមក្រមបរិស្ថាន និងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨ ព្រមទាំងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការអភិរក្សជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធ៌ម នៅតាមតំបន់ការពារធម្មជាតិ។








  • Share on Social Media