នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមកិច្ចប្រជុំស្តីពីកិច្ចការងារកិច្ចសហប្រតិបត្តិការ និងសម្របសម្រួល របស់ក្រសួងបរិស្ថាន ក្រោមការដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តមអគ្គនាយកចំណុះក្រសួងបរិស្ថាន ប្រធាននាយកដ្ឋាន និងតំណាងនាយកដ្ឋាននិមួយៗ សរុបចំនួន ២០ រូប។ 

កិច្ចប្រជុំនេះផ្តោតសំខាន់ គឺ (១) ការរៀបចំរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានារបស់ក្រសួងបរិស្ថានជាមួយដៃគូអភិវឌ្ឍន៍ និងប្រទេសជាដៃគូ ដោយស្នើឱ្យអគ្គនាយកដ្ឋាននិមួយៗ រៀបចំរបាយការណ៍សង្ខេបមិនឱ្យលើសពី ១ ទំព័រកន្លះឡើយ ដើម្បីឱ្យនាយដ្ឋានផែនការ ថវិការ និងកិច្ចសហប្រតិបត្តិការបូកសរុបឱ្យបានទាន់ពេលវេលា ដើម្បីដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពិនិត្យនិងសម្រេច (២) ស្នើឱ្យមានការពង្រឹងសមត្ថភាពមន្ត្រីបន្ថែម ដោយមានការលើកទឹកចិត្ត និងផ្តលឱកាសដើម្បីបញ្ចេញសមត្ថភាព (៣) ស្នើឱ្យក្រុមការងារកិច្ចសហប្រតិបត្តិការ ជាពិសេសនាយកដ្ឋានផែនការ ថវិកា និងកិច្ចសហប្រតិបត្តិការសម្របសម្រួលជាមួយនាយកដ្ឋានជំនាញ ដើម្បីរៀបចំឯកសារជំនួយស្មារតីជាមុនសម្រាប់ការជួបពិភាក្សាជាមួយដៃគូនានា និងស្នើឱ្យប្រមូល ចងក្រងឯកសារ Aide Memoire ទាំងអស់ដែលកន្លងមកក្រុមការងារកិច្ចសហប្រតិបត្តិការ និងនាយកដ្ឋានជំនាញបានរៀបចំជូនឯកឧត្តមរដ្ឋមន្ត្រី និង (៥) ស្នើឱ្យគិត និងពិចារណាអំពីយន្តការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនានា។

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះក្រុមការងារកិច្ចសហប្រតិបត្តិការ នាយកដ្ឋានជំនាញទាំងអស់ដែលបានខិតខំសម្របសម្រួលកិច្ចការងារជូនថ្នាក់ដឹកនាំក្រសួងនាពេលកន្លងមក និងស្នើឱ្យបន្តកិច្ចសហការក្នុងការងារសហប្រតិបត្តិការនេះថែមទៀត។ 



  • Share on Social Media