នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ដោយមានការគាំទ្រពីអង្គការUN-Habitat សម្រាប់អាស៊ី-ប៉ាស៊ីហ្វិច បានរៀបចំសិក្ខាសាលាបើកគម្រោង “ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា”តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ។ សិក្ខាសាលានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីភាព និងជារដ្ឋមន្រ្តីក្រសួងបរិស្ថាននិងដោយមានការចូលរួមពីតំណាងមកពីក្រសួងពាក់ព័ន្ធសំខាន់ៗ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល រដ្ឋបាលខេត្តកែប និងព្រះសីហនុសរុប៦៧រូប។ សិក្ខាសាលាគោលបំណងដើម្បី៖ ១) ផ្សព្វផ្សាយដំណើរការអនុវត្តគម្រោងដល់អ្នកពាក់ព័ន្ធ ២) ពិនិត្យ និងឯកភាពលើផែនការសកម្មភាព និងវិសាលភាពនៃការអនុវត្តគម្រោង និង ៣) ពិនិត្យ និងឯកភាពលើតួនាទី និងភារកិច្ចរបស់អ្នកពាក់ព័ន្ធក្នុងការអនុវត្តគម្រោង ព្រមទាំងអាចលើកឡើងនូវគំនិតមតិយោបល់មកពិភាក្សាប្រកបដោយការប្តេជ្ញាចិត្តសុក្រិតភាពក្នុងការចូលរួមអនុវត្តន៍ដើម្បីសម្រេចបាននូវរាល់សកម្មភាពដែលមានអត្ថប្រយោជន៍សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងកម្រិតមូលដ្ឋាន។ 

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងនូវ ៤ចំណុចគួរពិចារណាគឺ ១/ ការអនុវត្តគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដើម្បីអោយមានប្រសិទ្ធភាពយើងត្រូវផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ ដូច្នេះការទទួលបានព័ត៌មានព្យាករណ៍អាកាសធាតុរយៈពេលវែង២០ទៅ៣០ឆ្នាំ មានសារៈសំខាន់បំផុត ដើម្បីធ្វើអោយហេដ្ឋារចនាសម្ព័ន្ធមានលក្ខណៈសមស្រប។ ២/ការសម្របសម្រួលជាមួយគំនិតផ្តួចផ្តើមផ្សេងៗទៀត ដោយធ្វើការសម្របសម្រួលជាមួយកម្រិតថ្នាក់ជាតិនិងថ្នាក់ខេត្ត ដើម្បីអនុវត្តគម្រោងនៅតំបន់ឆ្នេរអោយមានប្រសិទ្ធភាព។ ៣/ក្នុងបរិបទកូវីដ១៩ ត្រូវពិចារណាថាតើគម្រោងអាចជួយអន្តរាគមន៍ឆ្លើយតបទៅនឹងបញ្ហារាតត្បាតជំងឺកូវីដបានកម្រិតណាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាបញ្ហាអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ក្រុមងាយរងគ្រោះស្រ្តីវ័យចំណាស់និងកុមារ។ ៤/ការកសាងសមត្ថភាព ការធានានូវភាពជាម្ចាស់ពិសេសសម្រាប់អជ្ញាធរថ្នាក់ក្រោមជាតិគឺមានសារៈសំខាន់បំផុតក្នុងការអនុវត្តគម្រោងអោយកាន់តែមានប្រសិទ្ធភាព។ 

សិក្ខាសាលានេះចូលរួមបិទដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ឯកឧត្តមបានស្នើសូមឱ្យក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគម្រោងនេះជារឿងមួយដែលមានផលពិបាក ដោយសារគម្រោងត្រូវការរយៈពេលយូររហូតដល់៤ឆ្នាំទើបទទួលការយល់ព្រម ពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិដែលជាម្ចាស់ត្រូវចូលរួមអនុវត្តទើបគម្រោងទទួលបានជោគជ័យ៕













  • Share on Social Media