នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទីនៃអគនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និងមន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីហិរញ្ញប្បទានសម្រាប់សកម្មភាពអាកាសធាតុ។ កិច្ចប្រជុំនេះសម្របសម្រួលដោយ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Winfried Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅអាស៊ីអាគ្នេយ៍ និងអ្នកចូលរួមពីក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួន៣៣នាក់។

នៅក្នុងកិច្ចពិក្សានេះឯកឧត្តម ស៊ុំ ធី បានលេីកឡេីងថា ប្រទេសកម្ពុជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុប ចំនួន ២,៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩,៨% នៅឆ្នាំ២០៥០។ ក្នុងនាមជារដ្ឋភាគីនៃអនុញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) កម្ពុជាបានរៀបចំនូវផែនការការរួមចំណែករបស់កម្ពុជា(NDC) និងផែនការយុទ្ធសាស្ត្ររយះពេលវែងប្រកបដោយអព្យាក្រិតកាបូន ដែលជាមហិច្ឆតាក្នុងការធ្វេីឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសអព្យាក្រិតកាបូននៅឆ្នាំ២០៥០។ នៅថ្នាក់ជាតិក្រសួងបរិស្ថានបានសម្របសម្រួលក្នុងការរៀបចំផែនការសាស្ត្រការប្រែប្រួលអាកាសធាតុ២០១៤-២០២៣ ផែនការបន្ស៊ាំការប្រែប្រួលអាកាសធាតុ និងផែនការប្រែប្រួលអាកាសធាតុតាមវិស័យ។ ឯកឧត្តម បានសង្កត់ធន់ទៅលេីតម្រូវការនៃការកសាងសមត្ថភាពរបស់ស្ថាប័នពាក់ព័ន្ធ ការវាស់វែង រាយការណ៍និងការផ្ទៀងផ្ទាត់(MRV) និងយន្តការនៃការអនុវត្តយន្តការដែលកម្ពុជាបានដាក់ចេញដេីម្បីឆ្លេីយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសការកៀគរហិញ្ញប្បទានអាកាសធាតុ។

ឯកឧត្តមបានគូសបញ្ជាក់អំពីគំនិតផ្តូចផ្តេីមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញនូវគំនិតផ្តួចផ្តើម រួមមាន៖

១) ចូលរួមជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយ ភាពស្អាត បៃតង ចីរភាព និងអព្យាក្រឹតកាបូន

២) ចូលរួមយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ»

៣) ចូលរួមយុទ្ធនាការដាំដើមឈើ១លានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើឱ្យបាន៦០%

៤) ការជំរុញសហគមន៍អេកូទេសចរ និងលើកទឹកចិត្តឱ្យសហគមន៍ចូលរួមដាំដើមឫស្សីដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនគម្របបៃតង និង៥) ពង្រឹងការអនុវត្តសកម្មភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដើម្បីមនុស្សបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ។ 


  • Share on Social Media