នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមទិន ពន្លក រដ្ឋលេខាធិការ អមដំណើរដោយលោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុបានចូលរួមសិក្ខាសាលាកម្រិតខ្ពស់ស្តីពីការពិនិត្យនិងឯកភាពលើកម្មវិធីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការយូនីសេហ្វ នៅរាជធានីភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ។ សិក្ខាសាលានេះមានគោលបំណងពិនិត្យនិងផ្តល់ការឯកភាពលើសេចក្តីព្រាងឯកសារប្រចាំប្រទេសរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយអង្គការយូនីសេហ្វ២០២៤-២០២៨។ ក្នុងឱកាសបើក ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងនូវគោលនយោបាយនិងយុទ្ធសាស្ត្រសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងនោះក៏បានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនផងដែរ។ ឯកឧត្តមទិន ពន្លក តំណាងក្រសួងបរិស្ថានបានលើកឡើងនូវចំណុចមួយចំនួនទាក់ទងនឹងកម្មវិធីប្រទេសនេះ រួមមាន៖

ស្នើលុបពាក្យគ្រោះមហន្តរាយដោយរលកយក្ស Tsunami ដោយកម្ពុជាមិនទទួលរងនោះទេ

  • ស្នើឱ្យពិនិត្យលើខ្លឹមសារ«ហានីភ័យលើកុមារពាក់ព័ន្ធនឹងនគររូបនីយកម្ម ឧស្សាហូបនីយកម្ម និង អន្តោប្រវេសន៍» ព្រោះបើយើងអាចគ្រប់គ្រងបានល្អវាជាឱកាសសម្រាប់កុមារទៅវិញទេ
  • ស្នើពិចារណាបញ្ចូលគោលនយោបាយសុខភាពសិក្សានិងផែនការសកម្មភាព២០២១-២០៣០ ដោយក្នុងនោះសូចនាករទាក់ទងនឹងបរិស្ថាននិងអនាម័យមានរហូតដល់២៣ក្នុងចំណោម១៦០
  • ស្នើពិចារណាបញ្ចូលសកម្មភាពអាទិភាពរបស់ក្រសួងបរិស្ថានដែលផ្តួចផ្តើមដោយឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលាទូទាំងប្រទេស
  • ស្នើបញ្ចូលក្រសួងបរិស្ថានជាស្ថាប័ន សហការអនុវត្តនៅសមិទ្ធផលទី4 (Outcomes 4) ដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងការប្រែប្រួលអាកាសធាតុ

លទ្ធផលសំខាន់ៗនៃសិក្ខាសាលា៖

  • ទទួលបាននិងទទួលយកមតិយោបល់របស់អង្គសិក្ខាសាលាដើម្បីពិនិត្យនិងកែសម្រួល និងកំណត់កាលបិរច្ឆេទចុងក្រោយត្រឹមថ្ងៃទី៤ ខែតុលា
  • ឯកភាពជាគោលការណ៍និងផ្តល់សុពលភាពលើកម្មវិធីប្រចាំប្រទេស។ 





  • Share on Social Media