នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ W-Foundation ដើម្បីត្រៀមរៀបចំវេទិកាសកម្មភាពអាកាសធាតុពិភពលោក (Global Climate Action 2024)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ឯកឧត្តមអគ្គនាយករង លោក លោកស្រី តំណាងនាយកដ្ឋាន ទាំង៥ ក្រោមឱវាទអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត។ ឯកឧត្តម ជួប ប៉ារីស៍ បានស្វាគមន៍នូវកិច្ចសហការរវាងក្រសួងបរិស្ថាន និងក្រុមការងារ W-Foundation ក្នុងការរៀបចំនូវវេទិកាដ៏មានសារៈសំខាន់នេះ ដែលចូលរួមបង្ហាញពីសមិទ្ធផលការងារលើវិស័យបរិស្ថាន ពិសេសបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការឆ្លើយនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជានិងសកល ឯកឧត្តមក៏បានស្នើឱ្យ W-Foundation រៀបចំឯកសារទស្សនទាន និងរបៀបវារ:ចុងក្រោយ  របស់កម្មវិធីដើម្បីដាក់ជូនថ្នាក់ដឹកនាំពិនិត្យបន្ត និងសម្រេច សំដៅធ្វើយ៉ាងណាឱ្យការរៀបចំវេទិកានេះប្រព្រឹត្តទៅបានរលូន និងគ្រប់ជ្រុងជ្រោយ។ 

កិច្ចប្រជុំនេះបានពិភាក្សា និងសម្រេចលទ្ធផលដូចខាងក្រោម៖

  • វេទិកានេះគ្រោងនឹងរៀបចំរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ 
  • វេទិកានេះនឹងគាំទ្រទាំងស្រុងដោយ W-Foundation ដោយរំពឹងទុកថាមានអ្នកចូលរួមប្រមាណ៨០០នាក់ ពីជាង២០ប្រទេស ជុំវិញពិភពលោក
  • អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តនឹងរៀបចំកិច្ចព្រមព្រៀងជាមួយ W-Foundation និងបង្កើតក្រុមការងារផ្ទៃក្នុងដើម្បីសម្របសម្រួលរៀបចំវេទិកានេះ។
  • ក្រុមការងារ W-Foundation នឹងរៀបចំសេចក្តីព្រាងចុងក្រោយ នៃឯកសារទស្សនទាន របៀបវារៈកម្មវិធី សមាសភាពអ្នកចូលរួម និងសកម្មភាពពាក់ព័ន្ធនៃវេទិកានេះ ជូនថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពិនិត្យនិងសម្រេច។ 
  • បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការបានបន្តកិច្ចប្រជុំដាច់ដោយឡែករវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងនាយកដ្ឋានដើម្បីបែងចែកតួនាទីភារកិច្ចក្នុងការរៀបចំវេទិកានេះ និងកិច្ចការផ្ទៃក្នុងរបស់អគ្គនាយកដ្ឋានដែរ។ 










  • Share on Social Media