នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងមន្ត្រី ០១រូប បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការប្រកាសព័ត៌មានឱ្យដឹងមុន សម្រាប់ទាំងអស់គ្នានៅកម្ពុជា (Early Warnings for All-EW4All) រៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក (WFP) ក្រោមអធិបតីភាព ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងលោក Joseph Scheuer អ្នកសម្របសម្រួលការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ ស្ថាប័នអប់រំ អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ និងចែករំលែកគំនិតផ្តួចផ្តើម EW4All និងសារៈសំខាន់របស់ EW4All សម្រាប់ប្រទេសកម្ពុជា ក្នុងការចូលរួមជួយសង្គ្រោះជីវិត សកម្មភាពសេដ្ឋកិច្ច រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់បណ្តាលមកពីគ្រោះមហន្តរាយ និងចូលរួមពង្រឹងសមត្ថភាពភាពបន្ស៉ាំ និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមគណៈធិបតីបានបញ្ជាក់ថា ការប្រកាសព័ត៌មានឱ្យដឹងមុនសម្រាប់ទាំងអស់គ្នា ( EW4All) ជាគំនិតផ្តួចផ្តើមសកល ដែលត្រូវបានប្រកាសជាផ្លូវការនៅក្នុងសន្និសីទបណ្តាភាគី នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៧ (COP27)។

លទ្ធផលសំខាន់ៗរួមមាន៖ ១)យល់ដឺងពីប្រវត្តិ និងទស្សនទាន នៃគំនិតផ្តួចផ្តើមនេះ ២)យល់ដឹងពីបរិបទសកល នៃ EW4All និងការរួមចំណែករបស់អ្នកពាក់ព័ន្ធសំខាន់ៗ នៅក្នុងការអនុវត្តគំនិតផ្តួចផ្តើម និង ៣)សារៈសំខាន់ នៃ EW4All សម្រាប់ប្រទេសកម្ពុជា និងការប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធក្នុងដំណើរការរៀបចំផែនការអនុវត្តឆ្នាំ២០២៤-២០២៧ ដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ។





  • Share on Social Media