នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣  មន្ត្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ប្រព័ន្ធព័ត៌មានទិន្នន័យអាកាសធាតុសម្រាប់ប្រទេសកម្ពុជា» ដែលរៀបចំឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការគាំទ្រពីគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធាន និងក្រុមការងារ នៃអនុគម្រោងស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា តំណាងក្រសួង ស្ថាប័នថ្នាក់ជាតិ និងគ្រឹះស្ថានស្រាវជ្រាវ និងឧត្តមសិក្សា សរុបចំនួន ៤០នាក់ ស្រី ១៥នាក់។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវ ប្រព័ន្ធព័ត៌មានអាកាសធាតុសម្រាប់ប្រទេសកម្ពុជា នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា ជូនដល់សាស្ត្រាចារ្យ និស្សិត និងតំណាងមកពីក្រសួង ស្ថាប័នជាតិពាក់ព័ន្ធ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សាស្រាវជ្រាវ និងក្រសួង ស្ថាប័នជាតិ នៅក្នុងការបរិបទ នៃការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។

ជាលទ្ធផល សិក្ខាសាលាផ្សព្វផ្សាយខាងលើនេះ បានបង្ហាញនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់គម្រោងដែលបានអនុវត្តគិតចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៣ ដែលក្នុងនោះបានផ្តោតសំខាន់ទៅលើ ១)ការបង្កើតទិន្នន័យអាកាសធាតុកម្ពុជាតាមរយៈការអង្កេតទិន្នន័យប្រវត្តិសាស្ត្រ ២)ផលិតវិធីសាស្ត្រដែលអាចវិភាគ និងប្រើប្រាស់ដើម្បីទទួលបានទិន្នន័យអាកាសធាតុដែលមានភាពសុក្រឹត និង៣)ចែករំលែកទិន្នន័យអាកាសធាតុ និងកម្មវិធីដែលបានបង្កើត (បន្ទាប់ពីការកែសម្រួល និងទទួលស្គាល់ជាផ្លូវការ) ទៅអ្នកពាក់ព័ន្ធ ស្ថាប័នរដ្ឋ អង្គការ និងដៃគូអភិវឌ្ឍន៍ដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការរៀបចំគំនិតផ្តួចផ្តើមស្តីពីអាកាសធាតុ គម្រោងបន្ស៊ាំ និងកាត់បន្ថយនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសការរៀបចំគោលនយោបាយឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ 






 

  • Share on Social Media