អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថានបានសម្របសម្រួល និងសហការជាមួយនឹងលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុបខាងកើតនៃក្រុមអ្នកជំនាញការពិគ្រោះយោបល់ ស្តីពី "ការរាយការណ៍ព័ត៌មានអំពីផលប៉ះពាល់ និងការបន្សុំា និងការគាំទ្រដែលចំាបាច់ និងការគាំទ្រដែលទទួលបានទាក់ទងនឹងការរាយការណ៍ការអនុវត្តសកម្មភាពបន្សុំា" ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីខេត្តសៀមរាប។   សិក្ខាសាលានេះមានការអញ្ញើញចូលរួមក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន  និងមានការចូលរួមពីឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លោក Jigme នាយកផ្នែកតម្លាភាព នៃលេខាធិការដ្ឋាន UNFCCC និងលោក  Xiang Gao ប្រធានក្រុមជំនាញការពិគ្រោះយោបល់ (CGE)។ ជាមួយគ្នានេះដែរក៏មានការចូលរួមពីមន្ត្រីជំនាញនៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ និងនាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ និងអ្នកជំនាញការពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត  សរុបចំនួន ៤៦រូប។ 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖ 

  1. លើកកម្ពស់ការយល់ដឹងរបស់ស្ថាប័នជាតិ និងអ្នកជំនាញទៅលើការរាយការណ៍អំពីព័ត៌មានទាក់ទងនឹងផលប៉ះពាល់ និងការបន្សុំាក្រោមអនុសញ្ញា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស 
  2. ផ្តល់នូវទិដ្ឋភាពទូទៅនៃការប្រមូលទិន្នន័យ និងការគ្រប់គ្រង ដូចជាវិធីសាស្ត្រ និងរបៀបនៃការប្រើប្រាស់វិធីសាស្ត្រក្នុងការវាយតម្លៃផលប៉ះពាល់ ហានិភ័យ និងភាពងាយរងគ្រោះ ក៏ដូចជាកំណត់ និងផ្តល់អាទិភាពសកម្មភាពបន្សុំា-ការរាយការណ៍ព័ត៌មានទាក់ទងនឹងការបញ្ចៀស កាត់បន្ថយ និងដំណោះស្រាយការបាត់បង់ និងខូចខាតពាក់ព័ន្ធទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ-និងការគាំទ្រដែលចាំបាច់ និងការគាំទ្រដែលទទួលបានសម្រាប់សកម្មភាពបន្សុំា
  3. លើកកម្ពស់ឧត្តមានុវត្តន៍ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធក្នុងចំណោមអ្នកជំនាញជាតិក្នុងតំបន់។

សិក្ខាសាលានេះផ្តោតសំខាន់លើ៖ 

  1. ការទទួលបានចំណេះដឹងលើការរៀបចំសម្រាប់ការប្រាស្រ័យទាក់ទងព័ត៌មានបន្សុំានៅក្រោមអនុសញ្ញា និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ក៏ដូចជាការផ្សារភ្ជាប់គ្នា និងការបំពេញបន្ថែមទៅលើការរៀបចំទាំងនេះ
  2. ពង្រឹងការយល់ដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គោលគំនិតនៃភាពងាយរងគ្រោះ និងហានិភ័យ ជំហានក្នុងការរួមបញ្ចូលផលប៉ះពាល់ ការវាយតម្លៃភាពងាយរងគ្រោះ និងហានិភ័យ ការកាត់បន្ថយ  និងការដោះស្រាយការបាត់បង់ និងខូចខាតដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការទទួលបាននូវទិដ្ឋភាពទូទៅនៃឧបករណ៍ និងវិធីសាស្ត្រនានា
  3. ពង្រឹងការយល់ដឹងអំពីវិធីសាស្ត្រក្នុងការបកប្រែលទ្ធផលនៃផលប៉ះពាល់ ការវាយតម្លៃភាពងាយរងគ្រោះ និងហានិភ័យទៅក្នុងសកម្មភាពបន្សុំាអាទិភាពដែលស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ រួមទាំង NDC
  4. ពង្រឹងការយល់ដឹងអំពីបទប្បញ្ញាត្តិសំខាន់ៗ និងឧត្តមានុវត្តន៍ក្នុងការរាយការណ៍ព័ត៌មានស្តីពីការបន្សុំាទៅក្នុង BTR រួមទាំងការគាំទ្រដែលចាំបាច់ និងការគាំទ្រការទទួលបាននៅក្នុងទំនាក់ទំនងនៃការរាយការណ៍សកម្មភាពបន្សុំា  និង
  5. ពិភាក្សាអំពីចំណុចខ្វះខាត និងតម្រូវការក្នុងការកសាងសមត្ថភាពដោយការអនុវត្តជាក់ស្តែង និងការរៀនសូត្រពីមេរៀនបទពិសោធន៍របស់អ្នកជំនាញ និងបណ្តាប្រទេសនានា។ 





 

  • Share on Social Media