នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ លោក លន់ លីដូ ប្រធានការិយាល័យ លោក សែម សាវុធ អនុប្រធានការិយាល័យ កញ្ញា ហៀង ផល្លីន អនុប្រធានការិយាល័យ និងខ្ញុំបាទ ស្រ៊ុន ប៊ុនម៉ា មន្ត្រី នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «អន្តរកម្មរវាងគោលនយោបាយប្រែប្រួលអាកាសធាតុ និងថវិកាវិស័យសង្គមនៅកម្ពុជា» ដែលរៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)។

សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះមានការអញ្ជើញចូលរួមពីតំណាង ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសុខាភិបាល ក្រុមប្រឹក្សា ជាតិគាំពារសង្គម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងUNDP និង UNCEF សរុបចំនួន ៣០នាក់។ គោលបំណងសំខាន់ នៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើងគឺ ដើម្បីពិនិត្យលើឯកសារគោលនយោបាយពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងវិស័យសង្គម និងផ្ទៀងផ្ទាត់ និងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធសំខាន់ៗ ដែលទាំងនេះជាផ្នែកមួយ នៃការរៀបចំករណីសិក្សាក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើការពង្រឹងគោលនយោបាយផ្តល់ហិរញ្ញប្បទានវិស័យសង្គម និងការប្រែប្រួលអាកាសធាតុ។ សូមបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានជ្រើសរើសជាផ្នែកមួយ នៃករណីសិក្សាខាងលើនេះ។

ជាលទ្ធផល តាមរយៈកិច្ចពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ សិក្ខាសាលាពិគ្រោះយោបល់ទទួលបានធាតុចូលសំខាន់ៗជាច្រើនរួមមាន៖ ១)បញ្ហាប្រឈម និងឱកាសដែលពាក់ព័ន្ធនឹងការបញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅតាមវិស័យពាក់ព័ន្ធសំខាន់ៗ ២)សកម្មភាព និងយុទ្ធសាស្ត្រជាអាទិភាពសម្រាប់ការដោះស្រាយ និងកំណត់បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និង៣) វិស័យដែលមានសក្តានុពលសម្រាប់កិច្ចសហការ និងការសម្របសម្រួលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំករណីសិក្សាខាងលើនេះកាន់តែមានភាពពេញលេញ និងគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះដែរ ក្រុមការងារនាយកដ្ឋានប្រែប្រួលអាកាសធាតុក៏បានផ្តល់ធាតុចូលសំខាន់សម្រាប់ករណីសិក្សាខាងលើ ដែលផ្តោតសំខាន់ការរៀបចំស្ថាប័ន ការរៀបចំឯកសារគោលនយោបាយសំខាន់ៗ និងបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទានសម្រាប់ការអនុវត្តសកម្មភាពអាទិភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។ 




  • Share on Social Media