នាព្រឹកថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានអមដំណើរ ឯកឧត្តម ភាវ សុវទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន  ចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើខ្លឹមសារសេចក្តីព្រាងសារលិខិតរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា សម្រាប់ទិវាជាតិអាហារូបត្ថម្ភ លើកទី១០ដែលនឹងប្រារព្ធនាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម  និងជនបទ (ក.ក.ជ.) និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក.ក.ជ. និងក្រសួងស្ថាប័ន ពាក់ព័ន្ធ។ 

ជាលទ្ធផល អង្គប្រជុំដឹកនាំនិងសម្របសម្រួលដោយឯកឧត្តមទេសរដ្ឋមន្រ្តីផ្ទាល់ បានពិនិត្យ ពិភាក្សា និងសម្រេចជារួមលើសេចក្តីព្រាងសារលិខិតនេះ ដើម្បីបន្តដាក់ជូនសម្តេចនាយករដ្ឋមន្រ្តី។ ដោយឡែក អង្គប្រជុំបានសម្រួល និងឯកភាពខ្លឹមសារអនុសាសន៍ របស់ក្រសួងបរិស្ថានដូចខាងក្រោម៖

ក្រសួងបរិស្ថាន ត្រូវបន្តអនុវត្តនិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការលើកកម្ពស់ជីវភាពនិងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋានតាមរយៈ អភិរក្សនិងគ្រប់គ្រងតំបន់ ការពារធម្មជាតិប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍។ បង្កើនការងារបៃតង ផ្សេងៗទៀតតាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើមក្នុងមួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ព្រមទាំងជំរុញការចូលរួម ចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និង ជំរុញឱ្យមានកំណើនបៃតងធានាឱ្យមានការការពារបរិស្ថាននិងសេវាប្រព័ន្ធបរិស្ថាន និងប្រព័ន្ធស្បៀង។






  • Share on Social Media