នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ មន្ដ្រីជំនាញនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីសំណើសុំបន្តកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងបរិស្ថាន និងអង្គការជឺរេស (Geres) នៅបន្ទប់ទុង ក្រសួងបរិស្ថាន។ កិច្ចប្រជុំនេះមានការដឹកនាំដោយ ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានសមាសភាពចូលរួម លោក ប៉ាទ្រីក រីនូ (Mr. Patrick RENAUD) នាយកប្រចាំប្រទេសកម្ពុជានៃអង្គការជឺរ៉េសនិងជាអ្នកគ្រប់គ្រង គម្រោង SWITCH ឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ លោកស្រី ឡាក់ ខេមរី ប្រធានផ្នែកហិរញ្ញវត្ថុ ធនធានមនុស្ស និងរដ្ឋបាល នៃអង្គការជឺរ៉េស និងតំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៅបន្ទប់ទុង ក្រសួងបរិស្ថាន សរុបចំនួន ៩ (ប្រាំបួន) រូប។ 

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាទៅលើចំណុចសំខាន់ដូចខាងក្រោម ៖

- កិច្ចសហការដៃគូស្នើសុំបន្តអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងគម្រោង រវាង ក្រសួងបរិស្ថាន និងអង្គការជឺរេស

  1. លោក ប៉ាទ្រីក រីនូ (Mr. Patrick RENAUD) នាយកអង្គការ Geres ប្រចាំប្រទេសកម្ពុជា និងជាអ្នកគ្រប់គ្រងគម្រោង SWITCH បានលើកឡើងពីបញ្ហាប្រឈមរបស់គម្រោងដែលមានរយៈពេលខ្លី និងកុងត្រាជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ហើយមិនអាចសហការជាមួយរាជរដ្ឋាភិបាល/ក្រសួងបរិស្ថានដោយផ្ទាល់ទេ។ អង្គការជឺរេស មានគម្រោងច្រើនហើយកំពុងតែរៀបចំផែនការស្នើសុំថវិកាពីម្ចាស់ជំនួយខាងអ៊ឺរ៉ុបទាក់ទងនឹង Carbon Finance។ បន្ថែមពីលើនេះ លោកក៏បានបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងគម្រោងគឺមិនបានសរសេរលម្អិតអំពីផែនការថវិកាច្បាស់លាស់ទេ ព្រោះមិនទាន់ទទួលបានការឆ្លើយតបពីម្ចាស់ជំនួយ។ 
  2. ឯកឧត្តម ប៉ាក សុខារ៉ាវុធ បានថ្លែងអំណរគុណដល់អង្គការជឺរេស ដែលមានកិច្ចសហការដៃគូល្អជាមួយក្រសួងបរិស្ថានកន្លងមក និងមានគម្រោងជាច្រើនដូចជា Carbon Finance ជីវៈម៉ាស់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាដើម។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថានមិនបានបដិសេធនូវសំណើសុំធ្វើកិច្ចសហការដៃគូនៃកិច្ចព្រមព្រៀងគម្រោងបន្តទេ ប៉ុន្តែស្នើឱ្យអង្គការជឺរេស កែសម្រួលបន្ថែមនូវគោលបំណងត្រូវធានាឱ្យបាននូវសមិទ្ធផលដែលអាចវាស់វែងបាន មិនមែនគ្រាន់តែសរសេរថា ការពារនិងអភិរក្សធនធានធម្មជាតិ ទប់ស្កាត់និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ បន្ថែមពីលើនេះទៅទៀត ឯកឧត្តមបានស្នើឱ្យអង្គការជឺរេស គួរប៉ាន់ស្មានគម្រោងចំណាយថវិកាលើសកម្មភាពជាក់លាក់ក្នុងអំឡុងពេលអនុវត្តគម្រោង ហើយគោលបំណង រយៈពេលអនុវត្តគម្រោងត្រូវសរសេរឱ្យបានលម្អិតថាចង់ធ្វើទៅលើអ្វី? តើក្រសួងបរិស្ថានអាចជួយអ្វីខ្លះក្នុងកិច្ចសហការលើការអនុវត្តគម្រោង? ឧទាហរណ៍ ៖ គោលបំណងគម្រោងផ្តោតលើអគារបៃតង ប្រសិទ្ធភាពថាមពល ដំណោះស្រាយលើការបំពុលទឹក ឬការពង្រឹងអនុវត្តច្បាប់នៅតំបន់ការពារធម្មជាតិ ហើយក្រោមកិច្ចសហការនេះអង្គការជឺរេស គួររំលេចនូវសកម្មភាពការកសាងសមត្ថភាពដល់មន្ត្រីក្រសួងបរិស្ថាន។  

ជាចុងក្រោយ អង្គការជឺរេស នឹងយកមតិយោបល់ទាំងអស់ទៅកែសម្រួលក្នុងកិច្ចព្រមព្រៀងគម្រោង ហើយនឹងដាក់ជូនក្រសួងបរិស្ថានពិនិត្យឡើងវិញ។




  • Share on Social Media