ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លោក វង្ស ហិកទ័រអៀង ជំនួយការឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន លោក សុខ សីលា អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងលោកស្រី ជាតិ មារតី អនុប្រធានការិយាល័យនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការឆ្លើយតបនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ» នៅប្រទេសអូស្ត្រាលី។ កម្មវិធីនេះរៀបចំឡើងដោយសាកលវិទ្យាល័យឃ្វីនឡេន (University of Queensland) សហការជាមួយនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ និងពាណិជ្ជកម្ម នៃរដ្ឋាភិបាលប្រទេសអូស្ត្រាលី។ សមាសភាពចូលរួមអញ្ជើញមកពីស្ថានទូតអូស្ត្រាលីប្រចាំនៅប្រទេសថៃ អ្នកស្រាវជ្រាវអន្តរជាតិ សាស្ត្រាចារ្យ តំណាងប្រទេសកម្ពុជា ថៃ ឡាវ និងប្រទេសវៀតណាម (ប្រទេសជាប់តំបន់ទន្លេមេគង្គ) សរុបចំនួន ២៥រូប។

កម្មវិធីនេះមានគោលបំណង

  • ចែករំលែកបទពិសោធន៍ពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុរបស់ប្រទេសជាប់ទន្លេមេគង្គ
  • សិក្សាស្វែងយល់អំពីបរិបទនៃការប្រែប្រួលអាកាសធាតុបច្ចុប្បន្ន និងអនាគត ផែនការបន្សាំនិងកាត់បន្ថយដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
  • ការរៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពផ្សាភ្ជាប់នឹងការងារប្រចាំថ្ងៃក្រោយបញ្ចប់វគ្គសិក្សា 

ជាលទ្ធផល ៖ 

- ប្រទេសជាប់ទន្លេមេគង្គ (កម្ពុជា ថៃ ឡាវ វៀតណាម) បានសិក្សាស្វែងយល់ពីគោលនយោបាយអាកាសធាតុអន្តរជាតិ ប្រព័ន្ធវិភាគបញ្ហានៃការប្រែប្រួលអាកាសធាតុ (System Thinking) បទពិសោធន៍គ្រោះមហន្តរាយនៅក្នុងប្រទេសអូស្ត្រាលី ផែនការរៀបចំទីក្រុងបៃតងដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ ការបង្កើតទំនប់ទឹកដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ កម្មវិធីព្យាករណ៍អាកាសធាតុ ការធ្វើសមាហរណកម្មយេនឌ័រនឹងការប្រែប្រួលអាកាសធាតុ និងវិធីសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុរបស់រដ្ឋាភិបាលប្រទេសអូស្ត្រាលី និងការសិក្សាពីមូលដ្ឋានគ្រឹះរបស់កម្មវិធី Carbon Sim ដែលជាឧបករណ៍គណនាតម្លៃពាណិជ្ជកម្មកាបូនលើទីផ្សារអន្តរជាតិ 

- សាស្ត្រាចារ្យសាកលវិទ្យាល័យឃ្វីនឡេន មន្ត្រីរដ្ឋាភិបាលប្រទេសអូស្ត្រាលី និងអ្នកជំនាញអន្តរជាតិ បានចែករំលែកពីយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអូស្ត្រាលីផ្សាភ្ជាប់នឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ដោយលើកកម្ពស់លើការវិនិយោគក្រុមហ៊ុនថាមពលកកើតឡើងវិញ 

- តំណាងប្រទេសនីមួយៗត្រូវលើកឡើងពីបញ្ហាប្រឈម និងដំណោះស្រាយ តាមរយៈគោលនយោបាយ ឬការអនុវត្តគម្រោងផ្សេងៗដែលចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ប្រទេសកម្ពុជា និងប្រទេសវៀតណាម បានលើកឡើងពីបញ្ហាគ្រោះរាំងស្ងួតដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់វិស័យកសិកម្ម ទិន្នផលបានតិច ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ ហើយនាំឱ្យមានចំណាកស្រុកធ្វើការនៅប្រទេសផ្សេង។ ប្រទេសឡាវ បានលើកឡើងពីបញ្ហាគុណភាពខ្យល់ពីប្រទេសជិតខាងជាប់ព្រំប្រទល់គ្នា។ ប្រទេសថៃ គឺធ្លាប់បានជួបបញ្ហាគ្រោះទឹកជំនន់ដែលបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលថៃត្រូវរៀបចំទីក្រុងផ្សាភ្ជាប់ជាមួយធម្មជាតិ និងទីកន្លែងសុវត្ថិភាពសម្រាប់សិស្សានុសិស្សផងដែរ។

- ដំណើរទស្សនកិច្ចនៅសាកលវិទ្យាល័យឃ្វីនឡេន ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ (Warwick Solar Farm) និងក្រុមហ៊ុនផ្គត់ផ្គង់ថាមពលដើរដោយខ្យល់ (Wind Farm) មជ្ឍមណ្ឌលសិក្សាស្រាវជ្រាវព្រៃកោងកាង

- ការសរសេរផែនការសកម្មភាពដែលបានទទួលបានពីវគ្គបណ្តុះបណ្តាល សម្រាប់រៀបចំផែនការអភិវឌ្ឍន៍សមត្ថភាពផ្សាភ្ជាប់នឹងការងារប្រចាំថ្ងៃឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

- វគ្គបណ្តុះបណ្តាលនេះជួយឱ្យប្រទេសជាប់ទន្លេមេគង្គបានដឹងពីបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុរបស់ប្រទេសនីមួយៗ ទទួលបានបទពិសោធន៍ថ្មីពីប្រទេសអូស្ត្រាលី ហើយអាចយកទៅអនុវត្តនៅក្នុងប្រទេសខ្លួនតាមបរិបទប្រទេស ឬអាចសហការចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ។





  • Share on Social Media