នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានធ្វើសេចក្តីថ្លែងការណ៍ជាតិ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯសន្និសីទ លើកទី២៨ (COP28) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

នៅចំពោះមុខថ្នាក់ដឹកនាំមកពីជុំវិញពិភព លោកចំនួន ១៩៧ប្រទេស ឯកឧត្តមរដ្ឋមន្រ្តីបានជំរុញដល់សមាជិកនៃអង្គសន្និសីទ COP28 ឲ្យបង្កើនបន្ថែមនូវកិច្ចសហការជាសកល ដែលមិនធ្លាប់មានពីមុនមក សម្រាប់ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយធានានូវសុខុមាលភាព របស់សហគមន៍ និងសុខភាពនៃភពផែនដីរបស់យើង។ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីការ បេ្តជ្ញាចិត្តរបស់កម្ពុជា ចូលរួមជាមួយបណ្តាប្រទេសហត្ថលេខីនៃ UNFCCCដូចតទៅ ៖

១- ក្នុងការរក្សាកំណើនសីតុណ្ហភាពត្រឹម 1.5 អង្សាសែលស៊ុស កម្ពុជាបានប្ដេជ្ញាចិត្តតាម រយៈការដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

២-ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ(renewable energy) ឱ្យបាន ៧០% នៅឆ្នាំ ២០៣០ ដែលបច្ចុប្បន្ននេះកម្ពុជាមានថាមពលស្អាតរហូតដល់ ៦២% រួចហើយ

៣-បង្កើនកាបូនស្តុក តាមរយៈការបង្កើនគម្របព្រៃឈើឱ្យបាន៦០% ក្នុងនោះក្រសួងបរិស្ថានបានរួមចំណែកដាក់ចេញនូវយុទ្ធនាការដាំដើមឈើយ៉ាងហោចណាស់ ១លានដើម ក្នុង១ឆ្នាំ និងការពារព្រៃឈើឱ្យបានហ្មត់ចត់

៤-ជំរុញ និងអំពាវនាវ ដល់សហគមន៍អន្តរជាតិ នាំគ្នាកៀរគរមូលនិធិអាកាសធាតុបៃតង (GCF) ឱ្យបាន ១០០ ពាន់លានដុល្លារក្នុង១ឆ្នាំ

៥-ជំរុញ និងបង្កើនថវិកាសម្រាប់ មូលនិធិអាកាសធាតុផ្សេងទៀត ដូចជា មូលនិធិបន្សាំ(adaptation fund), មូលនិធិនៃការ បាត់បង់ និងខូចខាត(Loss and damage Fund ) ព្រមទាំងមូលនិធិសម្រាប់ប្រព័ន្ធស្បៀងជាដើម ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ។

សូមបញ្ជាក់ថា នៅ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៣ នេះ ក្រៅពីធ្វើសេចក្តីថ្លែងការណ៍ ឯកឧត្តមបណ្ឌិត ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ទ្វេភាគីជាមួយ អង្គការCI (High-Level Bilateral Meeting MoE/CI), កិច្ចប្រជុំជាមួយប្រធានលេខាធិការដ្ឋាន UN Forum on Forest (UNFF) និងកិច្ចប្រជុំកម្រិតខ្ពស់ បណ្តាប្រទេសជាដៃគូ JCM លើកទី៩ (9th JCM Partners Countries’ high-level meeting)៕

ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid0xLdgF65565uDHXsxxNoH9iN3pFa4CXAvdf3t8eGkHBV42q5kch4canKDzdiqwYogl

 

  • Share on Social Media