នាព្រឹកថ្ងៃសៅរ៍ ទី៣០  ខែកញ្ញា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅទីលានបាល់បាត់ ខេត្តកំពង់ឆ្នាំង។ យុទ្ធនាការនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា  ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំ និងដោយមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា នៃរដ្ឋសភា ព្រឹទ្ធសភា​ អភិបាលខេត្តកណ្តាល អភិបាលរងខេត្តពោធិ៍សាត់ ក្រុមយុវជន​ ស.ស.យ.ក លោកគ្រូ អ្នកគ្រូ កងកម្លាំងប្រដាប់អាវុធ និងប្អូនៗសិស្សានុសិស្សសរុប ប្រមាណ១១,០៧៥ នាក់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក និងនៅកម្ពុជា បាននិងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោក បានផលិតនិងប្រើប្រាស់សម្ភារប្លាស្ទិកប្រមាណ ៩,៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ ដោយឡែកនៅកម្ពុជា ក្នុងមួយថ្ងៃប្រជាជនកម្ពុជាម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ៥ថង់/ម្នាក់។ យុទ្ធនាការនេះនឹងចូលរួមលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងសាធារណជនទូទៅ ដើម្បីចូលរួមកាត់បន្ថយការប្រេីប្រាស់ថង់ប្លាស្ទិក សំដៅឆ្ពោះទៅកាន់សាលារៀនស្អាត និងសហគមន៍ស្អាត។ ឯកឧត្តម អំពាវនាវឱ្យមានចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តយុទ្ធនាការនេះឱ្យបានផុលផុស នៅតាមសាលារៀនគ្រប់រាជធានី ខេត្ត និងគ្រឹះស្ថានសហគ្រាស​ឯកជន ជាពិសេស​រោងចក្រកាត់ដេរ​ ជាដើម។ 





  • Share on Social Media