ក្រសួងបរិស្ថាន សហការជាមួយមូលនិធិបរិស្ថាន (GEF) បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពីការរៀបចំយុទ្ធសាស្ត្រ និងកម្មវិធីសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចក្នុងតំបន់អាស៊ី ចាប់ពីថ្ងៃទី១៩-២២ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ សិក្ខាសាលានេះមានគោលបំណង ដើម្បីបង្កើនការយល់ដឹង ការអភិវឌ្ឍជំនាញ និងចំណេះដឹងបន្ថែមសម្រាប់ការរៀបចំឯកសារសំណើគម្រោង និងការអនុវត្តគម្រោងកម្មវិធី ដើម្បីដោះស្រាយតម្រូវការបន្ស៊ាំជាអាទិភាពរបស់ប្រទេសនីមួយៗ ដើម្បីទទួលបានការគំាទ្រហិរញ្ញវត្ថុពីមូលនិធិប្រទេសអភិវឌ្ឍន៍តិចតួច (LDCF) និងមូលនិធិពិសេសការប្រែប្រួលអាកាសធាតុ (SCCF)។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងមូលនិធិបរិស្ថានសកល(GEF) តំណាងសហគមន៍ជនជាតិដើមភាគតិច តំណាងសហគមន៍មូលដ្ឋាន តំណាងវិស័យឯកជន តំណាងដៃគូអភិវឌ្ឍន៍នានារួមមាន FAO UNDP UNIDO CSO UNEP និងតំណាងក្រុមប្រទេសអភិវឌ្ឍន៍តិចតួចចំនួន ៥ប្រទេស (កម្ពុជា ឡាវ បង់ក្លាដែស ប៊ូតាន និងនេប៉ាល់) សរុបចំនួន៦៧ រូប។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអំពីការប្រែប្រួលអាកាសធាតុ ដែលបានក្លាយទៅជាវិបត្តិអាកាសធាតុសកល ដែលទាមទារឱ្យប្រទេសទាំងអស់ក្នុងសកលលោករួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិនេះឱ្យបានឆាប់បំផុត។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជាងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចប្រទេសមួយចំនួនក្នុងតំបន់ ហើយសកម្មភាពបន្ស៊ាំដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពងាយរងគ្រោះទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះឯកឧត្តមបានលើកឡើងអំពីការងារអាទិភាពចម្បងៗផ្អែកលើបរិស្ថានស្អាត បៃតង ចីរភាពនិងអព្យាក្រឹតកាបូន សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាមួយសិស្សានុសិស្ស៥០០០០នាក់  នៅតាមសាលាចំនួន៣០០០ទូទាំងប្រទេស នៅក្នុងផែនការ១០០ថ្ងៃរបស់ឯកឧត្តមរដ្ឋមន្រ្តី ការស្តារព្រៃឈើឡើងវិញ ដើម្បីសម្រេចឱ្យបានគម្របព្រៃឈើ ៦០ ភាគរយ ការអភិវឌ្ឍបៃតង អព្យាក្រឹតកាបូន និងការចូលរួមលើកកម្ពស់ជីវភាពប្រជាជន។ សូមបញ្ជាក់ថា កម្មវិធីរយៈពេល ៤ឆ្នាំ (ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៦) របស់មូលនិធិនេះ មានហិរញ្ញប្បទានចំនួន ២០ លានដុល្លាសម្រាប់ប្រទេសនីមួយៗ ដើម្បីឆ្លើយតបភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ ដែលនឹងមានផលប៉ះពាល់ដល់វិស័យកសិកម្ម សុវត្ថិភាពស្បៀងអាហារ សុខភាព ទឹក ធនធានធម្មជាតិ ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ត្រូវមានផែនការ និងយុទ្ធសាស្រ្តរួម ដើម្បីឆ្លើយតបនឹងហានិភ័យអាកាសធាតុ និងបានសង្កត់ធ្ងន់ថា ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចត្រូវធ្វើសកម្មភាពបន្ថែមទៀតជាពិសេសការកៀរគរហិរញ្ញប្បទានអាកាសធាតុសម្រាប់អនុវត្តសកម្មភាពបន្ស៊ាំនានារបស់ខ្លួនដូចជា ពីមូលនិធិ LDCF មូលនិធិអាកាសធាតុពិសេស (SCCF) មូលនិធិអាកាធាតុបៃតង(GCF) និងមូលនិធិសន្សុំា (AF) ជាដើម ។





  • Share on Social Media