នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ (CCCA3) បានរៀបចំកិច្ចប្រជុំស្តីពី ការរៀបចំជំហររបស់កម្ពុជាសម្រាប់សន្និសីទលើកទី២៨ (COP28) នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។  កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព និងការសម្របសម្រួលដោយ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន/ក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអ្នកពាក់ព័ន្ធ សរុបចំនួន ៦៥រូប។  គោលបំណងនៃកិច្ចប្រជុំដើម្បីចែករំលែកអំពីទិដ្ឋភាពរួម និងឯកភាពលើខ្លឹមសារសេចក្តីព្រាងជំហរកម្ពុជាសម្រាប់ COP28 ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធក្នុងការចរចានៅ COP28 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

ឯកឧត្តមបានផ្តល់អនុសាសន៍ចំនួន ៥ចំណុច ៖ ១) ការបេ្តជ្ញារបស់កម្ពុជានិងសហគមន៍អន្តរជាតិ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីរក្សាកម្តៅសកលឱ្យនៅកម្រិតក្រោម ១.៥ អង្សាសែលស៊ុស ២)ការកៀរគរហិរញ្ញប្បទានអាកាសធាតុ ១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ៣) ការប្រើប្រាស់ហិរញ្ញប្បទានអាកាសធាតុដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងសមត្ថភាព ៤) ការអនុវត្តមាត្រា៦ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ ៥) ការទទួលបានមូលនិធិការបាត់បង់ និងការខូចខាត។  

ជាលទ្ធផល កិច្ចប្រជុំបានគាំទ្រលើសេចក្តីព្រាងជំហររបស់កម្ពុជាសម្រាប់ COP28 ដោយគ្រាន់តែមានការបន្ថែមខ្លឹមសារ និងបន្ថែមពាក្យពេចន៍មួយចំនួនពីវិស័យពាក់ព័ន្ធ។












  • Share on Social Media