នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមជាមួយមន្ត្រីជំនាញពីនាយកដ្ឋានប្រែប្រួលអាកាសធាតុ និងនាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ បានជួបពិភាក្សាជាមួយក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប  ដើម្បីផ្តល់ព័ត៌មានបន្ថែមលើការរៀបចំសំណើគម្រោង និងគម្រោងអាទិភាពនានាទៅកាន់មូលនិធិអភិវឌ្ឍន៍តិចតួច (LDCF) របស់មូលនិធិGEF។ 

ជាលទ្ធផល កិច្ចពិភាក្សានេះបានទទួលលទ្ធផលសំខាន់ៗដូចខាងក្រោម៖

១. ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. បានបង្ហាញអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានាលើកាអនុវត្តគម្រោងត្រៀមខ្លួន (Readiness Project) របស់មូលនិធិអាកាសធាតុបៃតង (GCF) និងដំណើរការទទួលស្គាល់ឡើងវិញ (Reaccreditation)នៅឆ្នាំ២០២៤ និងបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការចូលរួមស្នើសុំគម្រោងពីGEF ដើម្បីឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី ២ (២០២១-២០៣០) ដោយបានដាក់បញ្ចូលការកាត់បន្ថយភាពងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុជាកិច្ចការអាទិភាពនៅក្នុងកិច្ចការអន្តរវិស័យ។  

២. ឯកឧត្តម ទិន ពន្លកបានឆ្លើយតបទៅលេខាធិការដ្ឋានគ.ជ.អ.ប ដូចខាងក្រោម៖

  • ទាក់ទងនឹងនីតិវិធីថ្មីរបស់GCF លេខាធិការដ្ឋានអាចលើកជាបញ្ហាប្រឈមជាក់ស្តែងមកអង្គភាពទទួលបន្ទុកជាតិ (NDA) បន្ទាប់មក NDA នឹងអាចផ្តល់ព័ត៌មានទៅក្រុមប្រឹក្សាភិបាល GCF ដើម្បីស្នើទៅGCFឱ្យជួយសម្រួលនីតិវិធីស្នើសុំគម្រោងដោយផ្តល់ភាពអនុគ្រោះដល់ប្រទេសអភិវឌ្ឍន៍តិចតួច។ ដោយឡែកដោយសារតែកិច្ចការងារស្នើសុំគម្រោងនេះបន្ទាន់ ដូច្នេះលេខាធិការដ្ឋានគួរព្យាយាមស្វែងយល់ និងបន្តបំពេញទៅតាមបែបបទថ្មីរបស់GCF។ ជម្រើសផ្សេងទៀតគឺលេខាធិការដ្ឋានគួរសហការជាមួយស្ថាប័នអន្តរជាតិនានាដែលបានទទួលស្គាល់ស្រាប់ក្នុងការអនុវត្តគម្រោង ដើម្បីឱ្យការស្នើសុំគម្រោងនានាមានភាពងាយស្រួលជាងមុន។ 
  • ឯកឧត្តមបានគូសបញ្ជាក់ថាការរៀបចំទម្រង់ឯកសារគម្រោង (PIF) នៅក្នុងសិក្ខាសាលាLDCនៅខេត្តសៀមរាបនាពេលថ្មីនេះ គឺមិនមានគម្រោងដាច់ដោយឡែកថ្មីនោះទេ ដោយសារថវិកាទាំងនោះបានបែងចែកទៅកាន់ស្ថាប័នអនុវត្តគម្រោង(MIE)រួចហើយ ដោយផ្តោតសំខាន់ទៅលើគម្រោងនៅភ្នំគូលេន ខេត្តសៀមរាប។ ដូច្នេះ  ឯកឧត្តមនឹងស្នើសុំគោលការណ៍ទៅកាន់ឯកឧត្តមរដ្ឋមន្រ្តីលើការចូលរួមពីភាគីពាក់ព័ន្ធនានារួមមានគ.ជ.អ.ប លើការអភិវឌ្ឍន៍នៅថ្នាក់ក្រោមជាតិនៅក្នុងដំណើរការអភិវឌ្ឍគម្រោងពេញលេញ៕



  • Share on Social Media