រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ដ្រីពីការិយាល័យសាពើភណ្ឌនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមកិច្ចប្រជុំពិភាក្សាលើការងារអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ ជាមួយតំណាងក្រុមហ៊ុនការងារអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) ក្រោមការដឹកនាំសម្របសម្រួលដោយ លោក សុផល ឡាស្កា ប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់គ្រោះថ្នាក់ នៅសាលប្រជុំ ប្រាជ្ញ ស៊ុន ទីស្តីការក្រសួងបរិស្ថាន។ 

កិច្ចប្រជុំនេះមានគោលបំណងពិភាក្សាទៅលើចំណុចសំខាន់ៗដូចខាងក្រោម ៖

- បញ្ហាប្រឈមក្នុងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ

- ការបែងចែកសំណល់ កែច្នៃសំណល់ និងកាត់បន្ថយផ្លាស្ទិក នៅតាមគេហដ្ឋាន 

- ផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ ដើម្បីសម្រេចគោលដៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងនាយកដ្ឋានប្រែប្រួលអាកាសធាតុ នាយកដ្ឋានសេដ្ឋកិច្ចបៃតង នាយកដ្ឋានសំណល់រឹង នាយកដ្ឋានព័ត៌មានបរិស្ថាន នាយកដ្ឋានសំណល់គ្រោះថ្នាក់ សរុប ១៥រូប។ កិច្ចប្រជុំលើកដំបូងនេះបានពិភាក្សាពី ផែនការយុទ្ធសាស្ត្រគ្រប់ក្នុងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ ២០១៨-២០២៥ ដែល UNEP បានអនុវត្តកន្លងមកជាមួយថ្នាក់ក្រោមជាតិ ប៉ុន្តែបានជួយបញ្ហាប្រឈមជាច្រើនក្នុងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ ទើបងាកមកសហការជាមួយក្រសួងបរិស្ថានក្នុងការរួមបញ្ចូលជាមួយយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ក្រោមជំនួយរបស់អង្គការ UNEP នឹងជួយគាំទ្រជាបច្ចេកទេស ការផ្ទេរបច្ចេកវិទ្យាជប៉ុនមកកម្ពុជា ការបណ្តុះបណ្តាលអប់រំបរិស្ថាន ការគ្រប់គ្រងសំណល់អេឡិចត្រូនិក ការបែងចែកនិងទុកដាក់សំរាម ពង្រឹងការដឹកជញ្ជូនរបស់ក្រុមហ៊ុនប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីលើនេះ អង្គការ UNEP បានបញ្ជាក់ថា ក្រសួងបរិស្ថានទទួលបានគម្រោងពីរ គឺគម្រោងនេះទាក់ទងនឹងការគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញ ហើយគម្រោងមួយទៀតទាក់ទងនឹងផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីឧស្ម័នមេតានសម្រាប់ប្រទេសកម្ពុជា គឺមានភាពប្រទាក់ក្រឡាគ្នា ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចេញពីវិស័យសំណល់។ សម្រាប់កិច្ចប្រជុំបន្ទាប់នឹងមានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធ ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដើម្បីរកវិធីសាស្ត្រគ្រប់គ្រងសំណល់នៅរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព។


  • Share on Social Media