នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ លោកស្រី ឃ្លោក វិចិត្ររដ្ឋា និង លោក ស៊ុំ ជាតិ អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមប្រជុំ ដឹកនាំដោយ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ដេីម្បីជួបពិភាក្សាការងារជាមួយអង្គការឃែរកម្ពុជា (CARE Cambodia)។
ឯកឧត្តម បានលើកនូវការងារអាទិភាព និងតម្រូវការបន្ទាន់របស់ក្រសួងបរិស្ថាន រួមមាន ១)ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន៤ទីតាំង ដើម្បីស្តារប្រព័ន្ធជីវចម្រុះ និងគម្រប់ព្រៃឈើឱ្យបាន៦០% នៅឆ្នាំ២០៥០ និង ២)ម៉ាស៊ីននិងឧបករណ៍ជីកអណ្តូង និងជីកស្រះ ដោយកម្ពុជាកំពុងទទួលរងនូវបាតុភូត El Niño ធ្វើឱ្យធាតុអាកាសក្តៅខ្លាំង រាំងស្ងួតរយៈពេលយូរនៅស្ទើរគ្រប់តំបន់ ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្ស សត្វ និងរុក្ខជាតិ ដូច្នេះឧបករណ៍ទាំងនេះនឹងជួយអន្តរគមន៍ក្នុងការរក្សាទឹកដើម្បីប្រើប្រាស់។ ឯកឧត្តម បានស្វាគមន៍ដល់អង្គការ ឃែរកម្ពុជា ដើម្បីរៀបចំនូវឯកសារទស្សទានឬគំនិតផ្តួតផ្តើមដែលទាក់ទងនឹងវិស័យបរិស្ថាន នាពេលខាងមុខ។