ក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រែប្រួលអាកាសធាតុ សម្រាប់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីតម្រង់ទិសក្នុងការសរសេរអត្ថបទ ព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
នៅក្នុងពិធីបើក ឯកឧត្តមបណ្ឌិត ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា សិក្ខាសាលាដែលបានរៀបចំឡើងនៅពេលនេះ មានគោលបំណង៖ ទី១.ពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពដល់អ្នកជំនាញសារព័ត៌មាន និងវិស័យឯកជន, និងទី២. ផ្តល់វេទិកាពិភាក្សារវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ឱ្យមានការយល់ដឹងកាន់ស៊ីជម្រៅ និងចូលរួមផ្សព្វផ្សាយស្តីពីការប្រែប្រួលអាកាសធាតុ។
បើតាមការបញ្ជាក់របស់ឯកឧត្តម ជួប ប៉ារីស៍ , ប្រទេសកម្ពុជា ជាប្រទេសដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជាពិសេសគ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ រលកកំដៅ និងការជ្រាបចូលនៃទឹកសមុទ្រ។ ការសិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថាការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផលក្នុងស្រុកសរុបចំនួន២,៥ភាគរយ នៅឆ្នាំ២០៣០ និងរហូតដល់៩,៨ភាគរយ នៅឆ្នាំ២០៥០ ប្រសិនមិនមានវិធានការឆ្លើយតបសមស្របនោះទេ ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខា និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចែករំលែកពីរបៀបរាយការណ៍ និងសរសេរអត្ថបទស្តីពីប្រែប្រួល អាកាសធាតុ ក្នុងទម្រង់ប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មាន។ ឯកឧត្តម បន្តទៀតថា ” ការសរសេរព័ត៌មាន អំពីការប្រែប្រួល អាកាសធាតុ ត្រូវមានធាតុផ្សំ សំខាន់ៗ ដូចជា ការចេះស្វែងរកពាក្យ គន្លឹះការ ចេះស្រាវជ្រាវ ស្វែងរកប្រភពដែល អាចទុកចិត្តបាន ការរៀបចំផែនការ អត្ថបទ ចំណុចសំខាន់ៗ ការរៀបចំសេចក្តីព្រាង រួមទាំងការធ្វើការ កែតម្រូវចាំបាច់ណាមួយ “។
ដោយឡែក ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានមើលឃើញ ពីកង្វះខាត អ្នកសារព័ត៌មាន ជំនាញបរិស្ថាន ។ ការសរសេរ ព័ត៌មានផ្នែកបរិស្ថានទាមទារការ ស្វែងយល់ពាក្យបច្ចេកវិទ្យា រួមទាំង ផ្នែកវិទ្យាសាស្ត្រជាមុនសិន។
ប្រភព៖ https://www.facebook.com/MinistryOfEnvironmentCambodia/posts/pfbid02PfZboFa1rQJZrFVujGv2k7wYqVkotDuS2uSaq6u9Hm8oLyJhMQFhpyB1uxhTLwHul