នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ បានចូលរួមអមឯកឧត្តម សាម អុីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម សែម ហាក់ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់អង្គការ JICA ក្រោមគម្រោង SATREPS ស្តីពីការអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកកសិកម្មដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលនឹងអនុវត្តសាកល្បងនៅទន្លេសាបខាងលិច (អាងទឹកដំណាក់អំពិលខេត្តពោធិ៍សាត់) ដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការសហការចូលរួមពីក្រសួងកសិកម្ម​ រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។ កិច្ចសម្ភាសន៍នេះ រៀបចំឡើងដើម្បីពិភាក្សាអំពីការរៀបចំគម្រោងលម្អិត ការប្រមូលព័ត៌មានសម្រាប់រៀបចំគម្រោង និងការបញ្ជាក់ពីក្របខ័ណ្ឌគម្រោង។ កិច្ចសម្ភាសន៍ ទទួលបានលទ្ធផលដូចខាងក្រោម៖

  • ក្រុមការងារអង្គការ JICA បានបង្ហាញពីសាវតាគម្រោងថ្មីនេះ និងគោលបំណងនៃបទសម្ភាសន៍។
  • ឯកឧត្តម សាម អ៊ីន បានគាំទ្រលើគំនិតផ្តួចផ្តើមរៀបចំគម្រោងនេះ ដោយសារគម្រោងនេះ បានចូលរួមចំណែកគាំទ្រដល់គោនយោបាយរបស់រដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) របាយការណ៍បច្ចុប្បន្នភាពការចូលរួម ចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ  (NDC Update) ការលើកកម្ពស់សន្តិស្បៀងនិងជីវភាពប្រជាជន ការផ្ទេរបច្ចេកវិទ្យា និង ការបង្កើតឥណទានកាបូនជាដើម។ល។
  • បានផ្តល់ព័ត៌មានលម្អិត ដែលឆ្លើយតបទៅនឹងសំនួរនីមួយៗ (៩សំនួរ)ដែលពាក់ព័ន្ធនឹង ការរៀបចំស្ថាប័នរបស់ក្រសួងបរិស្ថាន អង្គភាពសម្របសម្រួលការងារប្រែប្រួលអាកាសធាតុ និងប្រព័ន្ធតាមដាន និងរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពនៅក្រោម NDC Update និងLTS4CN។
  • ជំហ៊ានបន្ទាប់ ក្រុមការងារ JICA បានស្នើសុំតំណាងក្រសួងបរិស្ថានដើម្បីចូលរួមកិច្ចប្រជុំពិភាក្សា អំពីការអនុវត្តគម្រោង និងការរៀបចំឯកសារគម្រោងសំខាន់ៗ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ និងកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួងបរិស្ថាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។




  • Share on Social Media