នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ មន្ដ្រីបច្ចេកទេសនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្រ បានចូលរួមអមឯកឧត្តម ស៊ុំ ធី អគ្គនាយកស្តីទី និងឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្នុងកិច្ចប្រជុំ Courtesy Call ជាមួយក្រុមការងាររបស់អង្គការ JICA ក្រោមគម្រោង SATREPS ស្តីពីការអនុវត្តបច្ចេកទេសគ្រប់គ្រងទឹកកសិកម្មដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលគាំទ្រដោយអង្គការ JICA និងអនុវត្តដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងមានការសហការចូលរួមពីក្រសួងកសិកម្ម  រុក្ខាប្រម៉ាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧត្តុនិយម ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា។

លទ្ធផលនៃកិច្ចប្រជុំនេះ ទទួលបានដូចខាងក្រោម៖

  • ការធ្វើបទបង្ហាញពីទិដ្ឋភាពគម្រោងរបស់អ្នកជំនាញការ JICA និងបានពិភាក្សាអំពីការអនុវត្តគម្រោង ចំនួនបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលបានកាត់បន្ថយក្នុង១ឆ្នាំ ការប្រើប្រាស់វិធីសាស្ត្រកាត់បន្ថយឧស្ម័នមេតានពីការគ្រប់គ្រងទឹកលើដំណាំស្រូវ និងការពិចារណាដាក់ស្នើគម្រោងនេះទៅក្នុងគម្រោងក្រោមយន្តការឥណទានកាបូន (JCM)។
  • ឯកឧត្តម ហេង ចានធឿន បានផ្តល់មតិយោបល់លើការគណនាឧស្ម័នមេតានពីដំណាំស្រូវក្នុងបរិបទប្រទេសកម្ពុជា និងធ្វើសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់នាពេលកន្លងមក។ ឯកឧត្តមបានស្នើឱ្យក្រុមការងារJICA ធ្វើការកែសម្រួលរចនាសម្ព័ន្ធឱ្យត្រូវនិងស្របតាមបែបបទគម្រោង។
  • ភាគីជប៉ុនបានស្នើមតិយោបល់ និងការគាំទ្រលើគម្រោងនេះក្នុងការដាក់ស្នើទៅក្រោម JCM និងបានស្នើសុំក្រសួងបរិស្ថានចូលរួមជាសមាជិកនៃគណៈកម្មាធិការសម្របសម្រួលគម្រោងរួមគ្នា (Joint Coordinating Committee) ដែលគណៈកម្មាធិការនេះ នឹងមានកិច្ចប្រជុំរៀងរាល់ឆ្នាំម្តង។
  • ឯកឧត្តម ស៊ុំ ធីបានបង្ហាញចំណាប់អារម្មណ៍លើគម្រោងនេះ និងបានស្នើឱ្យភាគី JICA ដាក់លិខិតមកក្រសួងបរិស្ថាន លើការស្នើសុំការចូលរួមជាសមាជិកនៃគណៈកម្មាធិការសម្របសម្រួលគម្រោងរួមគ្នា (Joint Coordinating Committee)។
  • ជំហានបន្ទាប់ ក្រុមការងារ JICA នឹងរៀបចំកិច្ចប្រជុំពិភាក្សាជាមួយតំណាងក្រសួងពាក់ព័ន្ធទាំងអស់ដើម្បីប្រមូលមតិយោបល់ នៅថ្ងៃទី៣០ និង៣១ ខែតុលា ឆ្នាំ២០២៣ ដោយស្នើសូមឱ្យមានតំណាងក្រសួងបរិស្ថានបន្តចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។



  • Share on Social Media