អេហ្ស៊ីប៖ នាព្រឹកថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមជាវាគ្មិនក្នុងវេទិកាស្តីអំពី«យន្តការឥណទានកាបូនរួមគ្នា (JCM) ក្នុងការជំរុញវិធីសាស្រ្តសហប្រតិបត្តិការក្រោមមាត្រា ៦.២ (Joint Crediting Mechanism : Advancing cooperative approaches under Article 6.2) ដែលសហការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការបរិស្ថានក្រៅប្រទេស (OECC) និងក្រសួងបរិស្ថានប្រទេសជប៉ុន។ វេទិកានេះ មានគោលបំណង ដើម្បីផ្តល់ឱកាសដល់ប្រទេសអនុវត្តគម្រោងJCM អាចចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងមេរៀនល្អៗ ពីការអនុវត្តគម្រោង JCM។ ក្នុងវេទិកានេះ លោកបណ្ឌិត ហាក់ ម៉ៅ បានលើកឡើងថាកម្ពុជាបានអនុម័តគម្រោងយន្តការអភិវឌ្ឍន៍ស្អាត(CDM)ចំនួន១៣មានសមត្ថភាពកាត់បន្ថយការបញ្ចេញឧស្ម័នបានជាង២លានតោន គ្រោងកាត់បន្ថយក្រោម VERចំនួន៨ អាចកាត់បន្ថយបានជាង៦លានតោន គម្រោងយន្តការឥណទានកាបូនរួម(JCM) ចំនួន៦ អាចកាត់បន្ថយបានជាង១លានតោន និងសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នសមស្របរបស់ជាតិ(NAMA) ចំនួន២។ កន្លងមក កម្ពុជាបានបញ្ចូលបរិមាណទាំងនេះនៅក្រោមវិធានការកាត់បន្ថយការបញ្ចេញរបស់ខ្លួន។ ប៉ុន្តែនៅក្រោមយន្តការមាត្រា៦ កម្ពុជានឹងសិក្សាលម្អិតបន្ថែមទៀតអំពីនីតិវិធីដើម្បីជៀសវាងការរាប់ស្ទួន (double counting)។ លោកបណ្ឌិតក៏បានបញ្ជាក់ថា កម្ពុជាបានអនុវត្តគម្រោង REDD+ ក្រោមយន្តការ JCM និងស្នើឲ្យពិចារណាក្នុងបង្កើនតម្លៃទីផ្សារកាបូនផងដែរ។

នៅរសៀលថ្ងៃដដែល លោកបណ្ឌិត ហាក់ ម៉ៅ បានចូលរួមជាវាគ្មិននៅក្នុងព្រឹត្តិការណ៍ប្រកាសជាផ្លូវការនូវសេចក្តីអំពាវនាវរបស់ភាពជាដៃគូNDC ក្នុងការធ្វើបច្ចុប្បន្នភាព ការពង្រឹង និងការបន្ស៊ីគ្នានៃយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងបញ្ចេញកាបូនតិច(LT-LEDS)  និងរបាយការណ៍ការចូលរួមចំណែករបស់ជាតិក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC)  ដែលរៀបចំដោយអង្គការភាពជាដៃគូ NDC។ គោលបំណងសំខាន់រួមមាន: ១) ផ្សព្វផ្សាយការចាប់ផ្តើមសេចក្តីអំពាវនាវដោយផ្ដោតលើមហិច្ឆតាអាកាសធាតុដែលបានលើកឡើងតាមរយៈការបន្ស៊ីគ្នារវាង LT-LEDS និងផែនការ NDC ២) គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការគាំទ្រដែលមានស្រាប់ពីដៃគូអភិវឌ្ឍន៍ និងការអនុវត្តគម្រោងសាកល្បងនៅក្រោមក្របខ័ណ្ឌនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ក្រោមការគាំទ្រពីប្រទេសអាល្លឺម៉ង់ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣) បង្ហាញ និងចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសនានាដែលអនុវត្តវិធីសាស្រ្តរួម និងស្របទៅនឹង LT-LEDs, NDC និងការពង្រឹងការអនុវត្តក្របខ័ណ្ឌតម្លាភាព និង ៤) អំពាវនាវឱ្យមានការពង្រឹងការចូលរួម និងការប្តេជ្ញាចិត្តពីប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាជាប្រទេសងាយរងគ្រោះពីការប្រែប្រួលអាកាសធាតុ និងមិនមែនជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាប្រវត្តិសាស្ត្រនោះឡើយ ប៉ុន្តែប្រទេសកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយបានរៀបចំនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន (LTS4CN) ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីមហិច្ឆតារបស់ប្រទេសកម្ពុជានឹងសម្រេចឱ្យបាននូវអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ហើយរបាយការណ៍នេះក៏បានបន្ស៊ីគ្នាជាមួយផែនការNDC និងគិតគូរគ្រប់ជ្រុងជ្រោយអំពីផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច-សង្គម ការបង្កើនការងារ។ លោកបណ្ឌិតបញ្ជាក់ថាកម្ពុជាត្រូវការហិរញ្ញប្បទានក្នុងការអនុវត្តទាំងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលប្រទេសកម្ពុជាមានសកម្មភាពអាទិភាពបន្ស៊ាំនៅក្រោមNDCចំនួន១៣៧ដោយត្រូវការថិវិកាចំនួន៧.៨ពាន់លានដុល្លារ។ ក្នុងឆ្នាំ២០២១ កម្ពុជាកៀរគរបាន២១២លានដុល្លារដែលប្រហែលជាង៣០%នៃការចំណាយសរុបលើផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។ កម្ពុជាក៏បានរៀបចំនូវប្រព័ន្ធតាមដានការអនុវត្តតាមអនឡាន (Online Tracking System) នៅក្រោមNDC ដែលមានលក្ខណៈងាយស្រួលក្នុងការពិនិត្យមើលជារួមនូវសកម្មភាពអាទិភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ទាំងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបណ្ឌិតបានបញ្ជាក់ថា ភាពច្បាស់លាស់លើការរៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិ ឆន្ទះថ្នាក់ដឹកនាំ សមត្ថភាពជំនាញច្បាស់លាស់និងការចូលរួមពីភាគីពាក់ព័ន្ធធ្វើឲ្យកម្ពុជាអាចរៀបចំរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC)ដើម្បីអនុវត្តអនុសញ្ញា UNFCCC និងយុទ្ធសាស្ត្រ អភិវឌ្ឍន៍រយះពេលវែងប្រកបដោយអព្យាក្រឹតកាបូនតែក្នុងរយះពេលខ្លី គ្រប់ជ្រុយជ្រោយ និងប្រទាក់ក្រឡា។







  • Share on Social Media