ចាប់ពីថ្ងៃទី១៨-១៩ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency Phnom Penh មន្ដ្រីជំនាញការិយាល័យសាពើភណ្ឌនិងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ដ្របានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុវត្តស្តង់ដារប្រេងឥន្ធនៈ និងស្តង់ដារបញ្ចេញឧស្ម័នពីយានយន្តប្រភេទ៦ (EURO VI)» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ សិក្ខាសាលានេះសហការរៀបចំដោយ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន សម្ព័ន្ធអាកាសធាតុនិងខ្យល់ស្អាត និងបណ្តាញត្រួតពិនិត្យអាស៊ីតបរិយាកាសអាស៊ីខាងកើត។ 

សិក្ខាសាលានេះមានគោលបំណង ៖

១. បង្កើនចំណេះដឹង និងសមត្ថភាពដល់មន្ត្រីរដ្ឋាភិបាលអំពីបញ្ហាស្តង់ដារការបញ្ចេញឧស្ម័នចេញពីយានយន្តចាស់ៗ ឬរថយន្តជជុះ និងការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ 

២. ពិភាក្សាអំពីឱកាសសម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃស្តង់ដារយានយន្តដ៏តឹងរឹងនៅកម្ពុជា

៣. ស្វែងយល់ពីបញ្ហាប្រឈមជាក់លាក់ និងដំណោះស្រាយសម្រាប់កែលម្អសុវត្ថិភាពយានយន្ត 

ជាលទ្ធផល

-  ផែនទីបង្ហាញផ្លូវនេះគឺមានសារៈសំខាន់សម្រាប់ការអនុវត្តស្តង់ដារប្រេងឥន្ធនៈនាំចូលប្រទេសកម្ពុជា ការកំណត់ស្តង់ដារយានយន្តនាំចូលមិនប៉ះពាល់ដល់បរិស្ថាន ការត្រួតពិនិត្យការបញ្ចេញសារធាតុបំពុលខ្យល់ពីរថយន្តប្រភេទ៦ និងលើកកម្ពស់ការយល់ដឹងអំពីការបំពុលខ្យល់ចេញពីយានយន្តដល់ក្រុមហ៊ុននាំចូលរថយន្តមកប្រទេសកម្ពុជា

-  កិច្ចពិភាក្សារវាងក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសាធារណការនិងដឹកជញ្ជូន អំពីការប្រមូលព័ត៌មានឬទិន្នន័យនាំចេញនាំចូលយានយន្តជជុះ នីតិវិធីត្រួតពិនិត្យស្តង់ដារយានយន្ត ការចុះបញ្ជីយានយន្ត និងបញ្ហាប្រឈមដែលប្រជាជនកម្ពុជាភាគតិចប្រើប្រាស់យានយន្តអគ្គិសនី ឬយានយន្តថ្មី ព្រមទាំងបានប្តេជ្ញាថានឹងសហការគ្នាចូលរួមដោះស្រាយបញ្ហាប្រឈមនៃការនាំចូលរថយន្តជជុះដែលបញ្ចេញឧស្ម័នពុលទៅក្នុងបរិយាកាស ការជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់យានយន្តស្តង់ដា រថយន្តអគ្គិសនី ត្រួតពិនិត្យយានយន្តជាប្រចាំតាមការកំណត់ ពីព្រោះនៅពេលប្រជាពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នោះការប្រើប្រាស់យានយន្តកាន់តែមានសុវត្ថិភាព យានយន្តដែលមិនប៉ះពាល់ដល់បរិស្ថានមានការកើនឡើង

-  សមាគមយានយន្តកម្ពុជា ក្រុមហ៊ុន Toyota ក្រុមហ៊ុន Mazada ក្រុមហ៊ុន Ford ក្រុមហ៊ុន ISUZU បានស្នើដល់រដ្ឋាភិបាលកម្ពុជានឹងនាំចូលយានយន្តស្តង់ដារប្រភេទ៦ (EURO VI)  មកប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៧ ប្រសិនបើមិនអនុវត្តតាមនោះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនអនុញ្ញាតឱ្យក្រុមហ៊ុននាំចូលយានយន្តមកប្រទេសកម្ពុជាឡើយ

-  ស្តង់ដារប្រេងឥន្ធនៈ យានយន្តប្រភេទ៦ (EURO VI) គឺជួបបញ្ហាប្រឈមលើតម្លៃខ្ពស់ ព្រោះការនាំចូលប្រេងឥន្ធនៈប្រភេទនេះត្រូវទិញពីប្រទេសអ៊ឺរ៉ុប 

-  កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៨ ស្តីពី សុវត្ថិភាពយាន្តយន្ត គឺជាគោលការណ៍មូលដ្ឋានសម្រាប់អនុលោមតាមច្បាប់យានយន្តអន្តរជាតិ ការត្រួតពិនិត្យស្តង់ដារយានយន្តអន្តរជាតិ បច្ចេកវិទ្យាសុវត្ថិភាពការពារអាយុជីវិតមនុស្ស និងការផលិតយានយន្តដែលគិតពីតម្រូវការសុវត្ថិភាពរបស់អ្នកដំណើរ។







  • Share on Social Media