នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង និងលោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងបរិស្ថាន បានចូលរួមកិច្ចប្រជុំជាមួយ និងផ្ដល់ទិន្នន័យជូនមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សម្រាប់ការរៀបចំយុទ្ធសាស្រ្តកៀរគរចំណូល ២០២៤-២០២៨ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពមន្រ្តីពាក់ព័ន្ធនឹងគោលនយោបាយពន្ធ និងតម្លៃកាបូន (Carbon tax and Pricing)  ដែលមានសមាជិកចូលរួមប្រមាណ ២០នាក់ រួមមាន អ្នកជំនាញ IMF មន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លទ្ធផលនៃកិច្ចប្រជុំ៖

  • អ្នកចូលរួមបានយល់ដឹងពី ១) ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកលនិងតាមវិស័យ ២) ការកំណត់តម្លៃកាបូន (Carbon Pricing: CP) ដែលទូទៅសំដៅដល់ ការកំណត់ពន្ធលើការបញ្ចេញកាបូន(Carbon Tax: CT) និងគ្រោងការណ៍ពាណិជ្ជកម្មកាបូន/ការទិញលក់កាបូន (Emission Trading Schemes: ETS/Cap and trade) ៣) បទពិសោធន៍ពីប្រទេសដែលបានបង្កើតនូវយន្តការ CT និង/ឬ ETS និង ៣) ផលវិជ្ជមាន/អវិជ្ជមានក្នុងការបង្កើត/កំណត់តម្លៃកាបូន។ 
  • ការកំណត់តម្លៃកាបូន ធ្វើឱ្យអ្នកបំពុលត្រូវចំណាយលើការខូចខាតដែលពួកគេបានបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងសង្គម។ ការចំណាយត្រូវបានអនុវត្តចំពោះការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដើម្បីលើកទឹកចិត្តអ្នកបំពុលឱ្យកាត់បន្ថយការដុតធ្យូងថ្ម ប្រេង និងឧស្ម័ន ដែលជាកត្តាជំរុញសំខាន់នៃការប្រែប្រួលអាកាសធាតុ។
  • កិច្ចប្រជុំបានពិភាក្សាពីសារប្រយោជន៍នៃកំណត់នូវតម្លៃកាបូន ការបង្កើតនូវពន្ធលើការបញ្ចេញកាបូន (CT) ផលប៉ះពាល់លើសេដ្ចកិច្ចសង្គម  ការអនុវត្តNDCសម្រាប់កម្ពុជា ការប្រៀបធៀបលើផលប្រយោជន៍រវាងប្រទេស ជាដើម។ 
  • ការកំណត់តម្លៃកាបូនមានការរីកសាយនៅប្រទេសលើសកលលោក ប៉ុន្តែនៅមានចំនួនកំណត់ និងតម្លៃទាប ទោះបីជាមានការទទួលស្គាល់ថា ការកំណត់តម្លៃកាបូននឹងជួយដល់ការបន្ថយនូវល្បឿននៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។
  • ក្នុងចំណោមប្រទេសអាស៊ាន មានតែប្រទេសសឹង្ហបុរីទេដែលបានបង្កើតនូវពន្ធលើការបញ្ចេញកាបូន ចំណែកប្រទេសមួយចំនួនដូចជា ប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងប្រ៊ុយណេកំពុងតែពិចារណាលើការបង្កើត CT។ 
  • សារសំខាន់គឺការកសាងសមត្ថភាព។ តើត្រូវផ្ដល់ព័ត៌មានបែបណាដល់អ្នកដែលត្រូវបង់ពន្ធ សាធារណជន ពីសារប្រយោជន៍នៃការបង្កើតCT នេះ។
  • ចុងបញ្ចប់អ្នកជំនាញបានធ្វើការពន្យល់ និងទទួលយកធាតុចូលពីកិច្ចប្រជុំដើម្បីបន្តសិក្សា សម្រាប់ការរៀបចំយុទ្ធសាស្រ្តកៀរគរចំណូល។


  • Share on Social Media