ទីស្ដីការក្រសួងបរិស្ថាន៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំនៅកម្ពុជា បានសហរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការជំរុញហិរញ្ញប្បទានបៃតង និងនវានុវត្តន៍នៅកម្ពុជា» ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយ័តករមូលបត្រកម្ពុជា សមាគមន៍ធនាគារកម្ពុជា  បណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនគារជាតិនិងឯកជន និងភាគីពាក់ព័ន្ធផ្សេងៗសរុប ៨៥នាក់។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង ដើម្បី១) ប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗរវាងរដ្ឋាភិបាល វិស័យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់ចំណេះដឹងអំពីហិរញ្ញប្បទានបៃតង និងនវានុវត្តន៍នៅកម្ពុជា និងផ្តល់អនុសាសន៍សម្រាប់ការបង្កើនការវិនិយោគគម្រោងបញ្ចេញកាបូនតិចប្រកបដោយនិរន្តរភាពនៅកម្ពុជា ២) បង្ហាញពីវឌ្ឍនភាពអំពីគំនិតផ្តួចផ្តើមហិរញ្ញប្បទានបៃតងនានា និង ៣) បង្ហាញពីឱកាសទទួលបានហិរញ្ញប្បទានបៃតងពីការរៀបចំសំណើគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងសំណើគម្រោងត្រៀមរបស់មូលនិធិអាកាសធាតុបៃតង (GCF) ទៅវិស័យធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងពីនិន្នាកាពិភពលោក ដែលពាក់ព័ន្ធនឹងការងារបរិស្ថានមាន៣ចំណុចសំខាន់ៗ៖ ការរេចរឹលគុណភាពដី (ដីហឹរ) ការអភិរក្សជីវៈចម្រុះ និងការប្រែប្រួល អាកាសធាតុ។ ទន្ទឹមនឹងនិន្នាការពិភពលោក ឯកឧត្តម បានគូសបញ្ជាក់ពីដំណើរវិវត្តន៍របស់កម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ស្របពេលដែលប្រទេសមានសុខ សន្តិភាព និងស្ថេរភាពនយោបាយ។ ក្នុងគោលដៅអភិវឌ្ឍន៍នេះ ការងារអាទិភាពសំខាន់៤ ដែលត្រូវប្រកាន់យករួមមាន ១) ការទាញអត្ថប្រយោជន៍ពីកិច្ចបាត់បង់ និងការខូតខាតក្នុងបរិបទការប្រែប្រួលអាកាសធាតុ ២) ការប្រែក្លាយបំណុលសហរដ្ឋអាមេរិកទៅជាជំនួយសម្រាប់ការស្តារ និងការអភិវឌ្ឍបៃតង ៣) ការលក់ ឥណទានកាបូននៅនិងការបែងចែកប្រាក់ចំណូលពីការលក់ឥណទានកាបូនសម្រាប់ទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដូច ជា ការកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និង ការនាំចេញនៅនឹងកន្លែង ដូចជា ការដាំដំណាំ រួមផ្សំ និងការចិញ្ចឹមសត្វនៅតាមលំនៅឋាន និង ៤) ការជំរុញហិរញ្ញប្បទានបៃតង ដោយផ្សារភ្ជាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាក្នុងស្រុក ទៅនឹងបណ្តាញធនាគារពិភពលោកដើម្បីទាញយក និងស្នើសុំហិរញ្ញប្បទានបៃតងពីប្រភពអន្តរជាតិ សម្រាប់ជំរុញ និង ពង្រឹងសេដ្ឋកិច្ចឱ្យមានការរីកចម្រើន តាមរយៈការផ្តល់អត្រាការប្រាក់ទាប។ 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់បន្ថែមថាក្រសួងបរិស្ថាននឹងគិតគូរសំខាន់នៅកម្រិតគោលនយោបាយនិងយុទ្ធសាស្ត្រ ជាពិសេសត្រូវស្វែងយល់អំពីបញ្ហាសកល បន្តដំណើរអភិវឌ្ឍន៍កម្ពុជា និងត្រូវយកលុយផលិតលុយ ដើម្បីបន្តខឿនសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្ត និងជរុញឱ្យវិស័យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបានថវិកាមានការប្រាក់ទាប ដើម្បីឱ្យពួកគាត់ផ្តល់កម្ចីដល់ប្រជាជនក្នុងកម្រិតអត្រាការប្រាក់ទាបដែរ។








  • Share on Social Media