ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាវិបស្សនារបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅសណ្ឋាគារប៉ាស៊ីហ្វិក ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត  និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មន្រ្តីកម្មវិធី CCCA3 គម្រោង EbA និង CCA4CS។  គោលបំណងនៃអង្គសិក្ខាសាលានេះគឺ ដើម្បីពង្រឹងសាមគ្គីភាពការងារ និងពិនិត្យមើលពីវឌ្ឍនភាពរបស់នាយកដ្ឋានក្នុងការអនុវត្តកម្មវិធី និងគម្រោងនានាសម្រាប់ឆ្នាំ២០២២ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២៣។ 

ឯកឧត្តម ទិន ពន្លក បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានប្រែប្រួលអាកាសធាតុ និងCCCA ដែលសម្រេចនូវសមិទ្ធផលសំខាន់ៗក្នុងការចូលរួមចំណែករៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សេដ្ឋកិច្ច និងការរស់នៅប្រកបដោយចីរភាព ដូចជា ផែនការយុទ្ធសាស្រ្តប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ២០១៤-២០២៣ របាយការណ៍ Updated NDC យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) ការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្រ្តតាមវិស័យ ផែនការថវិកានិងផែនការអភិវឌ្ឍន៍ជាតិ និងដំណើរការក្នុងការរៀបចំ CCCSP ដំណាក់កាលបន្ទាប់។  ឯកឧត្តម ក៏បានលើកឡើងអំពីទស្សនវិស័យវែងឆ្ងាយ និងគោលនយោបាយថ្មីបន្ថែមទៀត ដើម្បីដាក់បញ្ជ្រាបការប្រែប្រួលអាកាសធាតុក្នុងការរៀបចំយុទ្ធសាស្រ្តបញ្ចកោណ និងការអភិវឌ្ឍធន់នឹងអាកាសធាតុ ការពង្រឹងសមត្ថភាពរបស់មន្រ្តីពាក់ព័ន្ធ ការលើកកម្ពស់ការសិក្សាស្រាវជ្រាវ ភាពជាដៃគូនិងការកៀរគរថវិកាដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។ 

ឯកឧត្តម បានសង្កត់ធ្ងន់ថាការអភិវឌ្ឍសមត្ថភាព ពង្រឹងការទទួលខុសត្រូវ និងការវិភាគស៊ីជម្រៅប្រកបដោយឯករាជ្យភាព ទៅលើបញ្ហានានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ គឺជាកត្តាជោគជ័យក្នុងការដោះស្រាយបញ្ហាប្រឈម។ តាមរយៈលទ្ធផលនៃការវាយតម្លៃពាក់កណ្តាលអាណត្តិរបស់ ឯកឧត្តមលើកទឹកចិត្តឱ្យមន្រ្តីពាក់ព័ន្ធ ជាពិសេសDCC ទាំងអស់ពង្រឹងសមត្ថភាពបន្ថែមទៀត ពិសេសអត្ថប្រយោជន៍ផ្នែកសមត្ថភាពដែលមន្រ្តីពាក់ព័ន្ធទទួលបានពី CCCAកន្លងមក ហើយថាតើមានកិច្ចការអ្វីដែលDCC អាចអនុវត្តដោយឯករាជ្យបានប្រសិនបើគ្មានការគាំទ្រពី CCCA ហើយអាចអនុវត្តសកម្មភាពសំខាន់ៗទាំងនោះផ្អែកតាមអាណត្តិការងាររបស់ខ្លួន។ ឯកឧត្តម បានអរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) រាជរដ្ឋាភិបាលប្រទេសស៊ុយអែត និងសហភាពអឺរ៉ុប ដែលបានគាំទ្រ CCCA និងវិស័យបរិស្ថានជារាងរហូតមក។  
នារសៀលថ្ងៃដដែល ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត បានថ្លែងសុន្ទរកថាបិទសិក្ខាសាលាវិបស្សនារបស់កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ (CCCA3) នៅសណ្ឋាគារប៉ាស៊ីហ្វិក។ សិក្ខាសាលាបិទនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មន្រ្តីកម្មវិធី CCCA3 គម្រោង EbA និង CCA4CS។ 
 
ថ្លែងក្នុងពិធីបិទ ឯកឧត្តមបណ្ឌិត វ៉ាន់ មុនីនាថ បានកោតសរសើនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានប្រែប្រួលអាកាសធាតុនិងCCCA ក្នុងការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ជាអាទិ៍ ការរៀបចំក្រមបរិស្ថាន យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) របាយកាណ៍ Updated NDC និងវឌ្ឍនភាពប្រព័ន្ធតាមដានរបាយការណ៍ NDC តាមរយៈប្រព័ន្ធអនឡាញ ជាដើម។ ឯកឧត្តមបាន បន្តទៀតថាកម្មវិធី CCCA បានគាំទ្រដល់ការចូលរួមរបស់ប្រទេសកម្ពុជានៅសន្និសីទបណ្តាភាគី (COP) និងបានផ្តល់នូវធាតុចូលសម្រាប់ប្រទេសកម្ពុជាក្នុងការចូលរួមក្នុងកិច្ចសន្យាមេតាន សេចក្តីប្រកាស Glasgow ស្តីពីព្រៃឈើ និងការប្រើប្រាស់ដី សម្ព័ន្ធភាពរដ្ឋមន្ត្រីហិរញ្ញវត្ថុស្តីពីការប្រែប្រួលអាកាសធាតុ និងគំនិតផ្តួចផ្តើមរដ្ឋាភិបាលបៃតងជាដើម។
 
ឯកឧត្តម បានបន្ថែមទៀតថា ក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយនិងសម្របសម្រួលជាមួយដៃគូជាតិនិងអន្តរជាតិ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានត្រូវពង្រឹងចំណេះដឹង មានការប្តេជ្ញាចិត្ត ក្រមសីលធម៌ និងជំនាញច្បាស់លាស់ព្រមទាំង កោសល្យប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកៀរគរធនធានពីគ្រប់ប្រភពទាំងអស់ រួមមានថវិការដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងមូលនិធិអាកាសធាតុនានា រួមទាំងមូលនិធិអាកាសធាតុបៃតង មូលនិធិបន្ស៊ាំជាដើម សម្រាប់គាំទ្រការអនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្រ្តពាក់ព័ន្ធ។  • Share on Social Media