ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយអង្គការ UN-Habitat បានរៀបចំវគ្គបណ្តុះបណ្ដាលនៅក្រោមគម្រោង «ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈអន្តរាគមន៍ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចនៅតំបន់លំនៅឋានតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា» នៅខេត្តកែប និងខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងមន្ទីរ និងអាជ្ញាធរដែនដីពាក់ព័ន្ធ គ្រឹះស្ថានសិក្សា និងអ្នកទទួលផល នៅទីតាំងគម្រោង។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងផ្សព្វផ្សាយអំពី ការគ្រប់គ្រងសំរាមសំណល់រឹង និងការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និង ការសាងសង់លំនៅឋានដែលធន់នឹងការប្រែប្រួលអាកាសធាតុ។ វគ្គបណ្តុះបណ្តាលនៅក្នុងខេត្តទាំងពីរនេះចូលរួមដោយលោកបណ្ឌិតហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ តំណាងឯឧ វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។ លោកបណ្ឌិតបានលើកឡើងអំពីមូលហេតុនិងផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុពិសេសខេត្តកែបនាពេលថ្មីៗនេះទទួលរងនូវទឹកជំនន់ធ្ងន់ធ្ងរមិនធ្លាប់មាននិងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងលំនៅដ្ឋានជាច្រើនចំណែកខេត្តព្រះសីហនុក៏ទទួលរងនូវទឹកជំនន់ស្ទើរាល់ឆ្នាំដែលបានបំផ្លាញទ្រព្យជាច្រើន។

លោកបណ្ឌិតបានបន្ថែមថារាជរដ្ឋាភិបាលបានយកចិត្តយ៉ាងខ្លាំងលើការងារប្រែប្រួលអាកាសធាតុដោយបានរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រឆ្លើយតបព្រមទាំងបានបញ្ចូលការកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុទៅក្នុងយុទ្ធសាស្ត្របញ្ចុកោណផងដែរ។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ អាជ្ញាធរថ្នាក់ក្រោមជាតិមកពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទទួលបានការពង្រឹងសមត្ថភាព និងចូលរួមការផ្សព្វផ្សាយស្តីពីការគ្រប់គ្រង់សំរាមសំណល់រឹង ដោយផ្តោតសំខាន់ទៅលើទិដ្ឋភាពទូទៅនៃការប្រែប្រួលអាកាសធាតុ ទាក់ទងនឹងការគ្រប់គ្រងសំណល់រឹង ការវិភាគអំពីបញ្ហាការគ្រប់គ្រងសំណល់រឹង និងផលប៉ះពាល់អវិជ្ជមាន ការអនុវត្តល្អៗ ក្របខ័ណ្ឌច្បាប់ គោលការណ៍ណែនាំ និងគោលនយោបាយពាក់ព័ន្ធ ចំណែកក្រុមជាងសាងសង់លំនៅឋាន ទទួលបានការពង្រឹងសមត្ថភាពលើបច្ចេកទេសសាងសង់លំនៅឋានធន់នឹងការប្រែប្រួលអាកាសធាតុ។












  • Share on Social Media