ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី សែត សោប៉ុណ្ណលាភ អនុប្រធានការិយាល័យ លោកស្រី ជាតិ មារតី អនុប្រធានការិយាល័យ និងខ្ញុំបាទ ស្រ៊ុន ប៊ុនម៉ា មន្ត្រី នៃនាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមសិក្ខាសាលាបណ្តុះបណ្តាលតំបន់អាស៊ី និងប៉ាស៊ីហ្វិក សម្រាប់អ្នកសម្របសម្រួល នៃក្រុមអ្នកជំនាញប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងកដ្ឋមណ្ឌូ ប្រទេសនេប៉ាល់។ សិក្ខាសាលាបណ្តុះបណ្តាលនេះរៀបចំឡើងដោយមជ្ឈមណ្ឌលធនធានប្រ៉ាគ្រីទី (PRC) ក្រោមកិច្ចសហការជាមួយក្រសួងបរិស្ថាន និងព្រៃឈើ នៃប្រទេសនេប៉ាល់ និងវិទ្យាស្ថានអន្តរជាតិសម្រាប់ការអភិវឌ្ឍ និងបរិស្ថាន (IIED) ក្រោមការគាំទ្រដោយគម្រោងគំនិតផ្តួចផ្តើមអាកាសធាតុអន្តរជាតិ (IKI) នៃរដ្ឋាភិបាលអាល្លឺម៉ង់។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានការចូលរួមពីអ្នកជំនាញ មកពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក សរុបប្រមាណ ៤៥នាក់ និងរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពលើការយល់ដឹងដូចខាងក្រោម ៖ 

  • ដំណើរការនៃការចូលរួម និងកិច្ចចរចារឱ្យកាន់តែមានប្រសិទ្ធភាពនៅក្នុងក្របខ័ណ្ឌនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC Negotiations) 
  • វេទិកាចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ 
  • ការអនុវត្តជាក់ស្តែងធ្វើជាតំណាងគណៈប្រតិភូរដ្ឋាភិបាលនៅក្នុងកិច្ចចរចារបស់ UNFCCC ដោយផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះ។

ជាលទ្ធផល សិក្ខាសាលាបណ្តុះបណ្តាលខាងលើនេះបានបង្ហាញពីស្ថានភាពទូទៅនៃការចរចារនៅក្នុងក្របខ័ណ្ឌអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងមាត្រាពាក់ព័ន្ធមួយចំនួននៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីងាយស្រួលក្នុងការស្នើសុំថវិកាពីមូលនិធិអាកាសធាតុសកល (GCF) ប្រើប្រាស់ឱ្យចំគោលដៅ។ បន្ថែមពីលើនេះក៏មាន ការអនុវត្តជាក់ស្តែងពីនីតិវិធី បែបបទ វាក្យសព្ទ និងភាសាច្បាប់គន្លឹះសម្រាប់ប្រើប្រាស់នៅក្នុងការចរចារកិច្ចប្រជុំសន្និសីទកំពូល និងស្ថានភាពទូទៅនៃក្របខណ្ឌសកលស្តីពីការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការបាត់បង់ និងខូចខាត ហិរញ្ញប្បទានអាកាសធាតុ និងការចែករំលែកបទពិសោធន៍ពីអ្នកជំនាញដែលធ្លាប់បានចូលរួមកិច្ចប្រជុំសន្និសីទកំពូលចំនួនម្តង ២ដង ឬច្រើនជាងនេះ ដល់សិក្ខាកាមដែលពុំធ្លាប់បានចូលរួមកិច្ចប្រជុំនេះ។ សិក្ខាសាលានេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមអំពីនីតិវិធីនៃកិច្ចចរចារ ដល់ក្រុមអ្នកជំនាញមកពីបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងប្រទេសកំពុងអភិវឌ្ឍន៍ដែលកន្លងមកពុំធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំសន្និសីទកំពូល និងពង្រឹងការយល់ដឹងអំពីបរិបទសកល នៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ដើម្បីត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រជុំសន្និសីទកំពូលលើកទី២៨ (COP-28)។








  • Share on Social Media