នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង(GCF)  បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី យុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងមន្ទីររាជធានីភ្នំពេញ និងខេត្តចំនួន៤ រួមមានខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ អ្នកជំនាញការជាតិនិងអន្តរជាតិ និងតំណាងនាយកដ្ឋាន នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ សរុបចំនួន ៦៧រូប។ សិក្ខាសាលានេះមានគោលបំណងប្រមូលព័ត៌មានពីអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការកំណត់នូវវិធានការ និងការផ្តល់ហិរញ្ញប្បទាន ឬការវិនិយោគតាមវិស័យសំខាន់ៗ ដើម្បីចងក្រងជារបាយការណ៍យុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កម្ពុជា។ 

ថ្លែងក្នុងសុន្ទរកថាបើក  ឯកឧត្តម ជា ចន្ទន៍ធូ បានថ្លែងអំណរគុណចំពោះតំណាងមន្ទីររាជធានី និងខេត្តទាំងអស់ ដែលបានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ដ៏មានសារសំខាន់នេះ។ ឯកឧត្តម បានលើកឡើងថា ក្នុងនាមប្រទេសងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ កម្ពុជាបានដាក់ចេញផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របាយការណ៍បច្ចុប្បន្នភាព NDC និង យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន សំដៅចូលរួមដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុសកល និងលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាប្រកបដោយចីរភាព។ ឯកឧត្តមបានលើកឡើងពីឯកសារសំខាន់ៗ នៃយុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា ដែលនឹងត្រូវប្រមូលធាតុចូលពី ថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិនាពេលខាងមុខ។

សិក្ខាសាលានេះទទួលបានធាតុចូលសំខាន់ៗ ដើម្បីក្រុមការងារមានព័ត៌មាននិងទិន្នន័យរៀបចំយុទ្ធសាស្ត្រ និងផែនការស្តារភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់ប្រទេសកម្ពុជា និងរៀបចំគម្រោងជាបន្តទៀត។  • Share on Social Media