ក្រុងសៀមរាប ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តំណាងយុវជន ស.ស.យ.ក មន្ទីរ វិស័យជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល មកពីខេត្តខាងជើងបឹងទន្លេសាបសៀមរាប កំពង់ធំ ព្រះវិហារ និងឧត្តរមានជ័យ បានប្តេជ្ញាចូលរួមសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការធ្វើសមាហរន្តកម្មផែនការសកម្មភាព ការប្រែប្រួលអាកាសធាតុក្នុងវិស័យដែលខ្លួនទទួលខុសត្រូវ និងសកម្មភាពសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនទៅក្នុងវិធានការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកិច្ច ពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ NDC3.0។ 

ថ្លៃងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ អឿន បញ្ចនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននឹងកំពុងសម្របសម្រួលក្រសួង ស្ថាប័នជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរៀបចំ NDC3.0 ដោយផ្អែកលើក្របខណ្ឌគោលនយោបាយជាតិ និងគោលនយោបាយយុទ្ធសាស្ត្រតាមវិស័យដោយបន្ស៊ីនឹងបរិបទអន្តរជាតិដោយមានមហិច្ឆិតា ជំរុញការអនុវត្ត និងបរិយាបន្ន ដែលត្រូវអនុវត្តក្នុងរយៈពេល១០ឆ្នាំខាងមុខ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យប្រទេសអព្យាក្រិតកាបូននៅឆ្នាំ២០៥០។ ផែនការ NDC3.0 នេះ ក្រសួងបរិស្ថាន នៃរាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ជូនលេខាធិការដ្ឋាន UNFCCC នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។





  • Share on Social Media