Learning event Dec 2017 1អ្នក​ស្រាវជ្រាវសរុបប្រមាណ​ជិត១០០នាក់ មកពីស្ថាប័ន​រដ្ឋាភិបាល គ្រឹះស្ថានឧត្តមសិក្សា និងអង្គការ​សង្គមស៊ីវិល បានធ្វើ​ការចែក​រំលែក​ចំណេះដឹងស្តីពី​ការអនុវត្ត​គម្រោង​សិក្សា​ស្រាវជ្រាវ​ពាក់ព័ន្ធការ​ប្រែប្រួល​អាកាស​ធាតុ​ដែល​បាន​​និងកំពុង​អនុវត្ត​ រួមចំណែកដល់ការកំណត់របៀបវារៈ​ជាតិសម្រាប់​ស្រាវជ្រាវពាក់ព័ន្ធការប្រែប្រួល​អាកាស​ធាតុ​កម្ពុជា។ ការចែករំលែកចំណេះដឹងនេះ បានធ្វើឡើងនៅក្នុង «សិក្ខា​សាលា​ចែក​រំលែក​ចំណេះដឹង​ស្តីពីការឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុនៅកម្ពុជា» នៅក្នុងខេត្ត​សៀមរាប​ ពីថ្ងៃទី​០៥-០៦ ខែធ្នូ ឆ្នាំ​២០១៧ រៀបចំដោយនាយក​ដ្ឋាន​ប្រែ​ប្រួល​អាកាស​ធាតុនៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​គាំទ្រដោយ​កម្មវិធី​​សម្ព័ន្ធ​ភាព​ប្រែ​ប្រួល​អាកាស​ធាតុ​កម្ពុជា(CCCA) ក្រោម​អធិបតីភាព​ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការនៃក្រុមប្រឹក្សា​ជាតិអភិវឌ្ឍន៍ដោយ​ចីរភាព។

ថ្លែងក្នុង​ពិធីបើក​សិក្ខាសាលា ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ បាន​មាន​ប្រសាសន៍​ថាក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍ដោយចីរភាព ក៏ដូចជា ក្រសួងបរិស្ថាន បាន​គាំទ្រយ៉ាងពេញទំហឹងក្នុងការ​កសាងភាពជាដៃគូជាមួយ​គ្រឺះស្ថានសិក្សានិងវិទ្យាស្ថាន​ស្រាវជ្រាវនានា​ដែលជា​ធនាគារខួរក្បាល និង​ជាកន្លែងសិក្សាស្វែងយល់នូវ​របកគំហើញនានាសម្រាប់​ផ្តល់ឱ្យអ្នករៀបចំ​និងតាក់តែងគោល​នយោ​បាយ និង​ជាថ្នាលសម្រាប់បណ្តុះនូវចំណេះវិជ្ជាសម្រាប់យុវជនជំនាន់ក្រោយ។ ឯកឧត្តម​អគ្គលេខាធិការ បានស្នើឱ្យ​អ្នកចូលរួម​ទាំង​អស់​រួមគ្នាពិភាក្សា និង​ចែករំលែកបទពិសោធន៍ជាចំហរទាំងពិសោធន៍ដែលល្អ និងបទពិសោធន៍ដែលអាក្រក់​នូវអ្វីដែលវាអនុវត្ត​បាន និង​មិនអនុវត្តមិនបាន សម្រាប់ជាគំរូសម្រាប់កែសម្រួល​ឬ​អនុវត្តបន្ត។

បន្ទាប់មក សិក្ខាកាមបានចុះទស្សនកិច្ចសិក្សា​ស្វែងយល់អំពីបច្ចេកទេសធ្វើកសិកម្ម​ឆ្លាតខាងអាកាសធាតុ​របស់កសិករនៅ​ឃុំក្របីរៀល ក្រុងសៀមរាប។

  • Share on Social Media