CoP22 deliveringគណៈប្រតិភូកម្ពុជា ដែលមានសមាសភាពជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដឹកនាំ​ដោយ​ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន និងជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព កំពុងមាន​វត្ដមាននៅក្នុងសន្និសីទបណ្តាភាគីលើកទី២២ (CoP22) នៃអនុសញ្ញា​ក្របខណ្ឌ​សហប្រជាជាតិស្តីពីការ​ប្រែប្រួល​អាកាសធាតុ(UNFCCC) ដែលបាន និងកំពុង​ប្រព្រឹត្ត​ទៅ​នៅទីក្រុងម៉ារ៉ាកេស ប្រទេសម៉ារុក ចាប់ពីថ្ងៃទី៧ ដល់ ១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ គោលបំណងនៃកិច្ចប្រជុំប្រចាំឆ្នាំ​របស់បណ្តា​ភាគីជាសមាជិក​នៃអនុសញ្ញា UNFCCC គឺដើម្បីបន្តពង្រឹង និងបង្កើន​ការឆ្លើយ​​តបជា​សកលទៅនឹង​ការប្រែប្រួលអាកាសធាតុ តាមរយៈ​ការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើនការអនុវត្ត និងការផ្តល់ការគាំទ្រពីភាគីពាក់ព័ន្ធ។

នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ឯកឧត្តម រដ្ឋមន្រ្តីប្រធានគណៈប្រតិភូ បានឡើងថ្លែងសុន្ទរកថា បញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង​របស់ព្រះ​រាជាណាចក្រ​កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដោយបានគូសបញ្ជាក់ថា «កម្ពុជាបានបង្កើនការវិភាជន៍​ថវិកា​ជាតិរបស់ខ្លួនសម្រាប់ចំណាយពាក់ព័ន្ធអាកាសធាតុជាប្រចាំ ហើយយើងកំពុងពិចារណារៀបចំវិធានការជាប្រព័ន្ធ ដើម្បី​លើក​កម្ពស់​ការវិនិយោគឆ្លាតខាងអាកាសធាតុ ដោយរួមបញ្ចូលទាំងការបង្កើតក្រមបរិស្ថាន ការបង្កើតកញ្ចប់ថវិកា​សេវា​អនាម័យ​បរិស្ថាន ការយក​កម្រៃបន្ថែមលើសេវានៃការធ្វើដំណើរតាមផ្លូវអាកាស ក៏ដូចជាការបញ្ឈប់​ការកាប់ព្រៃឈើ ហើយទន្ទឹមនឹងនោះ បាននិង​កំពុងរៀបចំអនុវត្តសាកល្បងគម្រោងបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ី គម្រោងរេដបូក និងគម្រោងការពារ និងអភិរក្ស​ជីវៈចម្រុះ​ជាច្រើនទៀត។ ឯកឧត្តម បានថ្លែងបញ្ជាក់ពីគោលជំហរកម្ពុជា ក្នុងការទាមទារឱ្យអន្ដរជាតិមានការប្តេជ្ញាចិត្តកាន់តែខ្លាំង និងមាន​យន្តការក្របខណ្ឌហិរញ្ញវត្ថុច្បាស់លាស់ ហើយឯកឧត្តមបន្ថែមទៀតថា ព្រះរាជាណាចក្រកម្ពុជា​បានចាប់ផ្តើមអនុវត្ត​ការប្តេជ្ញា​របស់ខ្លួន ប៉ុន្តែឆន្ទៈទាំងនោះអាចនឹងសម្រេចទៅបាន ប្រសិនបើយើងទទួលបានការគាំទ្រគ្រប់គ្រាន់ និងទាន់ពេលវេលា​ពីដៃគូរបស់​យើង។ ក្នុងនាមជាប្រទេសអភិវឌ្ឍតិចតួច យើងត្រូវការការទទួលបានកាន់តែប្រសើរ និងទាន់ពេលវេលានូវហិរញ្ញវត្ថុអាកាស​ធាតុ​អន្តរជាតិ ការផ្ទេរបច្ចេកវិទ្យា និងការគាំទ្រសម្រាប់កសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្សពីបណ្តាប្រទេសអភិវឌ្ឍន៍។

 

 

  • Share on Social Media