Youth Training at Kampot 1ខេត្តកំពត នា​ព្រឹក​ថ្ងៃទី១៥ ខែ ឆ្នាំ២០១៦ ​សិក្ខាសាលា​បណ្តុះ​បណ្តាល​ស្តីពីការ​ប្រែប្រួល​អាកាស​​ធាតុ​សម្រាប់​យុវជននៅ​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បានរៀបចំ​ដោយនាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុនៃ​អគ្គលេខា​ធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព ដោយមានការ​គាំទ្រ​ពីកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុ​កម្ពុជា​(CCCA) ដើម្បីពង្រឹង​សមត្ថភាព ក៏ដូចជា​លើក​កម្ពស់​ការ​យល់ដឹង​ជូន​យុវជន សិស្ស-និស្សិត​ អំពី​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ​ ក្រោម​​អធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និងឯកឧត្តម សូត យា អភិបាលរងនៃ​គណៈអភិបាល​ខេត្ត​កំពត។ វគ្គបណ្តុះបណ្តាលនេះ មានការ​ចូលរួម​ពី​សិក្ខាកាម​ប្រមាណ​ជាង​១៥០នាក់ ដែល​ជាយុវជន​សហភាព​​សហព័ន្ធ​យុវជន​កម្ពុជា និង​សិស្ស​ និស្សិតក្នុងខេត្តកំពត

ឯកឧត្តមរដ្ឋលេខាធិកា​រ បានមាន​ប្រសាសន៍​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ​គឺជា​បញ្ហា​សកល​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​សិក្សាស្វែង​យល់ និង​ចូលរួម​ក្នុង​ការ​បង្ការ និង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាស​ធាតុ។ ឯកឧត្តម​បាន​បន្តថា កន្លង​មកនេះ ក្រសួង​បរិស្ថាន​បាន​ខិតខំ​កៀរគរជំនួយទាំង​ផ្នែក​បច្ចេកទេស និង​ថវិកា ​សម្រាប់​អនុវត្ដ​បណ្តាគម្រោង​បន្ស៊ាំ និង​កាត់បន្ថយ​នានា​ទៅនឹង​ការ​ប្រែប្រួល​អាកាស​ធាតុ នៅតាម​បណ្ដា​ខេត្ដមួយ​ចំនួន​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​ពិសេស​តំបន់ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា។ ជាមួយ​គ្នា​នេះ ឯកឧត្តមរដ្ឋ​លេខាធិការ សង្ឃឹម​យ៉ាង​មុត​មាំ​ថា តាម​រយៈ​សិក្ខា​សាលា​នេះ យុវជន​ដែល​ជា​សិក្ខា​កាម​នឹង​យល់​ដឹង​កាន់តែ​ច្បាស់​អំពីមូល​ហេតុ ផល​ប៉ះ​ពាល់ និង​ដំណោះ​ស្រាយ​បញ្ហា​ប្រែប្រួល​អាកាស​ធាតុ ហើយ​ដែល​ប្រការ​នេះ​នឹង​ជួយ​រួម​ចំណែកគាំទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​ឆ្លើយតប​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ប្រកប​ដោយប្រសិទ្ធ​ភាព។

ឯកឧត្តម សូត យា អភិបាលរងនៃ​គណៈអភិបាលខេត្តកំពត បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំក្រសួង​បរិស្ថាន និង​ដៃគូពាក់ព័ន្ធ​ទាំងអស់​ដែល​បានរៀបចំវគ្គបណ្តុះបណ្តាល​លើកកម្ពស់​ការយល់​ដឹងអំពីការ​ប្រែប្រួលអាកាសធាតុ​ទៅ​កាន់យុវជន សិស្ស និងនិស្សិត នៅលើទឹកដី​ខេត្តកំពត ដែលជាខេត្ត​មួយ​នៅ​តំបន់​ដែល​ធ្លាប់​ទទួល​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​ការ​ប្រែប្រួលអាកាសធាតុ​ ដូចជា​ខ្យល់ព្យុះញឹកញាប់ ភាព​រាំងស្ងួត ទឹក​ជំនន់​ដែលនាំ​ឱ្យ​មានការកាត់ផ្តាច់​ប្រព័ន្ធផ្លូវ និង​រំខានដល់​វិស័យទេសចរណ៍ ។ល។

នៅ​ក្នុង​ថ្ងៃទី​មួយ​នៃ​កម្មវិធី ​ចំណេះដឹងស្តីពីការ​ប្រែប្រួលអាកាសធាតុបាន​ផ្តោតសំខាន់​​ទៅ​លើ ១) មូលហេតុ និង ផលប៉ះពាល់ ២) ការឆ្លើយតបរបស់​ថ្នាក់​ជាតិ និង​អន្តរជាតិ​​ ៣) ជម្រើស​បន្សុំា​ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ៤) ជម្រើស​កាត់​បន្ថយ​ ​៥)​ហិរញ្ញប្បទានអាកាសធាតុ និង​៦)​វិធីសាស្រ្ត​គណនា​ដាន​កាបូន ដែល​បង្ហាញ​ដោយ​មន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​ប្រែប្រួលអាកាសធាតុ និងកម្មវិធីសម្ព័ន្ធភាព​ប្រែប្រួលអាកាសធាតុ​កម្ពុជា(CCCA) ។ នៅ​ថ្ងៃបន្ទាប់ យុវជនទាំងអស់នឹង​ចូលរួមដាំដើមកូន​កោង​កោង​ចំនួន២០០០ដើម នៅ​ឃុំព្រែកត្នោត ស្រុក​ទឹក​ឈូ ខេត្ត​កំពត។

គួរ​បញ្ជាក់​ដែរ​ថា ដោយ​យល់​ឃើញពីភាព​ចាំបាច់​នៃតួនាទី​សំខាន់​របស់​យុវជននៅ​ក្នុង​ការ​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សិក្ខាសាលានេះ​ត្រូវ​បាន​រៀបចំ​ជា​លើកទី​បី បន្ទាប់​ពីការ​រៀបចំ​ជាលើកដំបូង​នៅ​ក្នុង​ខែ​ធ្នូ​ ឆ្នាំ​២០១៥ និង​លើកទី​២ ក្នុង​ខែមិថុនា ឆ្នាំ​២០១៦។

  • Share on Social Media