អេហ្ស៊ីប៖ នៅយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ និងលោកស្រី ឃ្លោក វិចិត្ររដ្ឋា អនុប្រធាននាយកដ្ឋាន បានចូលរួមក្នុងកិច្ចប្រជុំចែករំលែកបទពិសោធន៍និងការកំណត់អាទិភាពជាតិលើសកម្មភាពប្រែប្រួលអាកាសធាតុប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក និងអ៊ឺរ៉ុបខាងកើត នៅព្រឹត្តការណ៍អមនៃសន្និសីទកំពូលលើកទី២៧ ស្ដីពីការប្រែប្រួលអាកាសធាតុ នៅទីក្រុង Sharm El Shiekh ប្រទេសអេហ្ស៊ីប។ កិច្ចប្រជុំនេះរៀបចំ និងដឹកនាំដោយសហប្រធាននៃភាពជាដៃគូNDC (NDC Partnership) ក្នុងគោលបំណង៖  ជំរុញកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរចំណេះដឹងក្នុងថ្នាក់តំបន់នៃជនបង្គោលជាតិនៃភាពជាដៃគូNDC ដែលមកពីប្រទេសសមាជិកភាពជាដៃគូNDC និងកំណត់អាទិភាពជាតិដើម្បីកៀរគរការគាំទ្រហិរញ្ញប្បទានដោះស្រាយការប្រែប្រួលអាកាសធាតុ។ សមាជិកចូលរួមបានចែករំលែកព័ត៌មានដោយផ្ដោតលើការអនុវត្តល្អ បញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពNDC ពិភាក្សាពីតម្រូវការចាំបាច់និងជាក់លាក់និងអាទិភាពសកម្មភាពប្រែប្រួលអាកាសធាតុជាតិដើម្បីកៀរគរការគាំទ្រពីភាពជាដៃគូNDC

នៅក្នុងកិច្ចប្រជុំនេះដែរ លោកបណ្ឌិត ហាក់ ម៉ៅ បានចែករំលែកនូវបទពិសោធន៍របស់ប្រទេសកម្ពុជាក្នុងការអនុវត្តសកម្មភាពNDCដោយបញ្ជាក់ថា៖

  • ដោយមានការគាំទ្រនិងការសម្របសម្រួលពីភាពជាដៃគូ NDC បានកំណត់នូវសកម្មភាព ស្ថាប័នទទួលខុសត្រូវ និង អ្នកផ្ដល់ជំនួយច្បាស់លាស់
  • កម្ពុជាកៀរគរធនធានបានប្រមាណ២១២លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អនុវត្តសកម្មភាព Updated NDC ក្នុងឆ្នាំ២០២១ ប៉ុន្តែថវិកានេះមិនឆ្លើយតបនឹងតម្រូវការចំណាយប្រមាណ៨០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំសម្រាប់អនុវត្តសកម្មភាព Updated NDC
  • ជំនួយភាគច្រើនជាការគាំទ្រផ្នែកបច្ចេកទេស (TA)

លោកបណ្ឌិតបានស្នើសុំដូចខាងក្រោម៖

  • ផ្តល់ការគាំទ្រថវិកាសម្រាប់ការអនុវត្តសកម្មភាពជាក់ស្តែងនិងឆាប់រហ័សដល់ថ្នាក់មូលដ្ឋាន
  • ភាពជាដៃគូNDCបន្តកៀរគរការគាំទ្របន្ថែមពីដៃគូអភិវឌ្ឍន៍ដើម្បីជំរុញការអនុវត្ត Updated NDCទទួលបានជោគជ័យ
  • មូលនិធិអាកាសធាតុបៃតងគួរសម្រួលដំណើរការនិងនីតិវិធីទទួលបានហិរញ្ញប្បទានអាកាសធាតុឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា។  • Share on Social Media