NAP global network 21 23 Sep 2016 2«បង្កើន​កិច្ច​គាំទ្រ​ផ្នែក​គោល​នយោបាយនិង​ការ​បញ្ជ្រាប​ទៅ​ក្នុង​ដំណើរការ​ផែនការ​ជាតិ​បន្ស៊ាំ​»​ គឺប្រធាន​បទ​ដែល​បាន​លើក​ឡើង​នៅក្នុងវេទិកា​​សកលលើកទី​៣ស្តីពីផែនការ​ជាតិ​បន្ស៊ាំនឹងការ​ប្រែប្រួល​អាកាស​ធាតុ ហើយ​ដែល​ប្រទេស​កម្ពុជាទទួល​ធ្វើជា​ម្ចាស់ផ្ទះ និងមានការ​ចូលរួម​ពី​តំណាង​ប្រទេសចំនួន៨​ រួមមាន បេណាំង កូឡុំប៊ី ម៉ាដាហ្កាស្កា ម៉ិកស៊ិក សាម័រ អាហ្រ្វ៊ិកខាងត្បូង តង់សានី និង​ថៃ ព្រមទាំងបណ្តា​ដៃគូ​អភិវឌ្ឍន៍​ប្រចាំកម្ពុជា សរុបចំនួន ៤៥នាក់។

ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួង​បរិស្ថាន បាន​មានប្រសាសន៍ថា ការ​ប្រែប្រួល​អាកាស​ធាតុ​បាន នឹង​កំពុង​គំរាមកំហែង​​ដល់ជីវភាពប្រជាជន និង​សេដ្ឋកិច្ចកម្ពុជាយ៉ាង​ធ្ងន់​ធ្ងរ​ ជាពិសេសដល់​វិស័យ​កសិកម្ម​ ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ ជលផល​ ព្រៃឈើ តំបន់​ឆ្នេរ សុខភាព និងទេសចរណ៍។ ឯកឧត្តមបាន​បន្តថា កម្ពុជា​ត្រូវ​ត្រៀមរៀបចំកិច្ច​ការ​ជាច្រើនដើម្បីទប់ទល់​នឹង​ហានិភ័យអាកាសធាតុ​ ដូចជា កំណើនកម្ពស់ទឹកសមុទ្រ វិសមរូបសីតុណ្ហភាព ព្រឹត្តិការណ៍អាកាសធាតុ​ធ្ងន់ធ្ងរ​ ។ល។ ដូចនេះ កម្ពុជាត្រូវ​ការជាបន្ទាន់​នូវ​ផែនការ​ជាតិ​ដែលអាច​បន្ស៊ាំ​នឹងការ​ប្រែប្រួលអាកាសធាតុ​ដ៏មានប្រសិទ្ធភាព និងសមស្រប​តាមកាលៈទេសៈជាតិ។

ក្រោមកិច្ច​សហការរវាងបណ្តាញការងារសកលផែនការ​ជាតិ​បន្ស៊ាំ​នឹងការ​ប្រែប្រួលអាកាសធាតុ (NAP Global Network) ​វេទិកា​អន្តរជាតិនេះនឹងរៀបចំរយៈបីថ្ងៃចាប់ពីថ្ងៃទី​២១ដល់​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ ​Raffles Le Royal រាជធានី​ភ្នំពេញ។ ​វេទិកានេះគោលបំណង ដើម្បី​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់បណ្តាប្រទេស​នានា​ក្នុង​​​ដំណើរការរៀបចំ​ផែនការ​ជាតិ​បន្ស៊ាំរបស់​ខ្លួនឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​ការ​ប្រែប្រួលអាកាសធាតុ។

កម្ពុជា ក៏បាន​ចែករំលែកសមិទ្ធផលនិង​បទពិសោធន៍សំខាន់ៗរបស់​ខ្លួន​ក្នុងការ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ​ ក៏ដូចជាដំណើរការរៀបចំផែនការ​ជាតិបន្ស៊ាំ ដូចជា កំណែទម្រង់​ស្ថាប័នដោយ​ការបង្កើត​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍ដោយចីរភាព ការ​រៀបចំផែនការ​យុទ្ធសាស្រ្ត​ឆ្លើយតបនឹងការប្រែប្រួល​អាកាសធាតុ​កម្ពុជា​និងយុទ្ធសាស្រ្ត​តាមវិស័យពាក់ព័ន្ធ ការរៀបចំ​ដំណើរការ​ផែនការ​ជាតិ​បន្ស៊ាំ និងសម្របសម្រួល​ឱ្យមាន​យន្តការហិរញ្ញប្បទានសម្រាប់​បន្ស៊ាំនិងកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់។ ព្រឹត្តិការណ៍នេះ ក៏បានស្វែង​យល់អំពី​ឧបសគ្គនានា​នៃការ​រៀបចំ​ដំណើរការ​ផែនការ​ជាតិ​​បន្ស៊ាំ និងយុទ្ធសាស្រ្ត​ដោះស្រាយ​បញ្ហា​ របៀបនៃការបញ្ជ្រាបសកម្មភាព​បន្ស៊ាំទៅ​ក្នុង​យុទ្ធសាស្រ្ត​របស់​វិស័យពាក់ព័ន្ធ​ និង​ការ​កំណត់វិសាលភាពបន្ស៊ាំពីបណ្តាប្រទេស​នានា។    

ដោយយោងតាមសន្ទស្សន៍​ហានិភ័យពិភពលោកឆ្នាំ​២០១៥ កម្ពុជាស្ថិត​នៅ​ក្នុង​លំដាប់ទី​៨ក្នុង​បណ្តា​ប្រទេស​ដែលប្រឈមនឹង​ហានិភ័យពី​មុខសញ្ញា​គ្រោះ​ធម្មជាតិ ហើយ​បើយោង​តាមសន្ទស្សន៍​ហានិភ័យ​សកលលោកឆ្នាំ​២០១៦កម្ពុជាស្ថិត​ក្នុង​លំដាប់​ទី​១៣ ដែលទទួលរងហានិភ័យពីការ​ប្រែប្រួលអាកាសធាតុ។ ដំណើរការផែនការ​ជាតិ​បន្ស៊ាំ​នឹងការ​ប្រែប្រួលអាកាសធាតុ​ត្រូ​វបាន​បង្កើត​ដោយអង្គការសហប្រជាជាតិ ​សម្រាប់​បណ្តាប្រទេសនានារៀបចំ​ផែនការអភិវឌ្ឍន៍​ប្រកបដោយចីរភាព​និង​រឹងម៉ាំសមស្របតាម​តម្រូវបន្ស៊ាំ និង​បរិបទ​របស់​ប្រទេសនីមួយៗ។

  • Share on Social Media