នាថ្ងៃទី២០ ខែមិថុនា  ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង(GCF)  បានរៀបចំសិក្ខាសាលាផ្ដល់សុពលភាពស្តីពី ឱកាសដើម្បីបន្ស៊ីរបៀបវារៈនៃការប្រែប្រួលអាកាសធាតុ ជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ អ្នកជំនាញការជាតិនិងអន្តរជាតិ តំណាងនាយកដ្ឋាននៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ សរុបចំនួន ៤៦រូប។ សិក្ខាសាលានេះមានគោលបំណងចែករំលែកការសិក្សា និងវិភាគលើព័ត៌មាន និងធាតុចូលទាំងអស់ដែលទទួលបានពីសិក្ខាសាលាពិគ្រោះយោបល់ ប្រមូលធាតុចូលបន្ថែម និងទទួលបានការឯកភាពជារួមលើព័ត៌មានពាក់ព័ន្ធពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីរៀបចំរបាយការណ៍កំណត់ឱកាសសម្រាប់ការបន្ស៊ីរបៀបវារៈនៃការប្រែប្រួលអាកាសធាតុជាមួយនឹងផែនការស្តារសេដ្ឋកិច្ចឡើងវិញនាពេលខាងមុខ។ 


ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តមបណ្ឌិត ទិន ពន្លក ថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នដែលបានចូលរួមក្នុងសិក្ខាសាលាផ្តល់សុពលភាពដ៏មានសារសំខាន់នេះ។ ឯកឧត្តម បានលើកឡើងថា ក្នុងនាមប្រទេសងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជាផលប៉ះពាល់នៃ COVID-19 នៅក្នុងឆ្នាំ២០២១ មូលនិធិអាកាសធាតុបៃតង (GCF) បានគាំទ្រ និងអនុម័តលើគម្រោងរយៈពេល១ឆ្នាំ ទាក់ទងនឹង «ការគាំទ្រការត្រៀមខ្លួនក្នុងការស្តារទ្បើងវិញយ៉ាងឆាប់រហ័សនូវភាពធន់នៅកម្ពុជា» ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងបរិបទនៃផលប៉ះពាល់ដោយ COVID-19។ ឯកឧត្ដមបានលើកឡើងពីបរិបទជាក់ស្ដែងទាក់ទងនឹង ១) និន្នាការកំណើននៃការប្រើប្រាស់ថាមពលកកើតឡើងវិញ ២) បញ្ហាសន្តិសុខស្បៀង ការផលិតស្បៀងលក្ខណៈគ្រួសារ និង ៣) តួនាទីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាធាតុ ដែលទាំងនេះជាចំណុចគួរពិចារណាក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបានលើកឡើងពីសេចក្តីព្រាងឯកសារសំខាន់ៗជាចក្ខុវិស័យអភិវឌ្ឍន៍រយៈពេលវែងក្នុងវិស័យបរិស្ថានដូចជា សៀវភៅស ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្ត្របញ្ចកោណ។


ថ្លែងក្នុងសុន្ទរកថាបិទ ឯកឧត្ដមបណ្ឌិត វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ដ បានលើកឡើងពីសារៈសំខាន់នៃការចូលរួមពីសំណាក់អន្តរក្រសួង ដើម្បីយកជាមូលដ្ឋាន និងគំនិត គឺជាកិច្ចការចម្បងសម្រាប់ការធ្វើយ៉ាងណាឱ្យមានភាពបន្ស៊ីគ្នាជាមួយផែនការស្ដារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ដើម្បីសម្រេចគោលដៅរួមនូវជាមូលដ្ឋានគ្រឹះនៅក្នុងការតាក់តែងគោលនយោបាយជាតិ។ ជាចុងក្រោយ ឯកឧត្ដមបណ្ឌិត វ៉ាន់ មុនីនាថ បានថ្លែងអំណរគុណចំពោះតំណាងក្រសួងស្ថាប័នដែលបានផ្តល់ជាធាតុចូល និងស្នើសុំក្រសួងស្ថាប័នបន្តចូលរួមកិច្ចពិភាក្សានាពេលខាងមុខ ដើម្បីក្រុមការងារមានព័ត៌មាននិងទិន្នន័យគ្រប់ជ្រុងជ្រោយ សម្រាប់រៀបចំផែនការស្តារសេដ្ឋកិច្ចឡើងវិញ និងរៀបចំគម្រោងជាបន្តទៀត។






  • Share on Social Media