«ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ជាចក្ខុវិស័យវែងឆ្ងាយប្រកប ដោយការគិតគូរច្បាស់ដើម្បីចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជា នៅឆ្នាំ២០៥០» នេះជាការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ស្តីពីការរៀបចំផែនការអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន (LTS4CN) នាថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានគោលបំណងបង្ហាញ និងពិភាក្សាពីផែនការអនុវត្ត ប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន។

ថ្លែងក្នុងសុន្ទរកថាបើក ឯកឧត្តម ទិន ពន្លក បានលើកឡើងថា ប្រទេសកម្ពុជាតែងតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងសកម្មក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ នៅឆ្នាំ២០២០ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ចំនួន៧២ ដែលបានដាក់របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ (Updated NDC) មុនពេលកំណត់។ នៅឆ្នាំ២០២១ កម្ពុជាបានបង្ហាញនូវការតាំងចិត្តជាថ្មីស្របតាមការប្តេជ្ញាចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងក្នុងកិច្ចប្រជុំកំពូលស្ដីពីមហិច្ឆតាអាកាសធាតុ របស់អង្គការសហប្រជាជាតិ ក្នុងការដាក់ជូនយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអាព្យាក្រឹតកាបូន (LTS4CN) នៅដំណាច់ឆ្នាំ២០២១។

កម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរក្នុងសកលលោក ហើយជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបានដាក់ជូនយុទ្ធសាស្រ្តនេះ ដើម្បីសម្រេចឱ្យបានការបញ្ចេញឧស្ម័នស្មើសូន្យនៅត្រឹមឆ្នាំ២០៥០។ ទោះបីកម្ពុជា ជាប្រទេសរួមចំណែកតិចតួចដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុក៏ដោយ តែកម្ពុជាចង់បង្ហាញអំពីភាពជាអ្នកដឹកនំាតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុ ស្របទៅតាមយុទ្ធសាស្រ្តពហុភាគី។ យុទ្ធសាស្រ្តនេះ ចង្អុលបង្ហាញនូវការប្តេជ្ញាចិត្តយូរអង្វែងពីគ្រប់វិស័យសំខាន់ៗរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានផ្តល់នូវអនុសាសន៍ចំនួន៥ដើម្បីទទួលបានជោគជ័យការអនុវត្ត LTS4CN៖ ១) ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ ២) ការប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រក្នុងការវិភាគដើម្បីធ្វើផែនការ ៣) ការញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ៤) ការកៀរគរថវិកា (ទាំងមូលនិធិ/ម្ចាស់ជំនួយ និងវិស័យឯកជន) និង ៥) ការលើកកម្ពស់ការយល់ដឹងនិងការអប់រំផ្សព្វផ្សាយ។ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានគាំទ្រក្នុងការរៀបចំផែនការអនុវត្តន៍យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនចេញជារូបរាង។

កិច្ចប្រជុំមានការធ្វើបទបង្ហាញនិងការពិភាក្សាយ៉ាងផុសផុល អំពីការរៀបចំផែនការអនុវត្ត LTS4CN ការដាក់បញ្ចូល LTS4CN ទៅក្នុងប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយតម្លៃ របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ កិច្ចពិភាក្សាអំពីជំហានបន្ទាប់នៃដំណើរការអនុវត្តន៍យុទ្ធសាស្ត្រ LTS4CN។ កិច្ចប្រជុំនេះរៀបចំដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុ (CCCA) ដែលមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោក លោកស្រី ជាសមាជិកក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងស្ថាប័នសិក្សាចំនួន ៤៤រូប។





  • Share on Social Media