នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត  អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតីភាព ក្នុងកិច្ចសន្ទនាស្ដីពីសមភាពយេនឌ័រ នៅក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC ៣.០)។ កិច្ចសន្ទនានេះក៏មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោកជំទាវកត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី ក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមកការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAGs) និងអង្គការជាតិ និងអន្តរជាតិ សរុបប្រមាណ១៥៧រូប ស្ត្រី៩០រូប។ កិច្ចសន្ទនានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកលទ្ធផលប៉ាន់ប្រមាណយេនឌ័រលើវិស័យពាក់ព័ន្ធ NDC 3.0 ដែលបានពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតាមរយៈការពិនិត្យឯកសារដែលមានស្រាប់ និងបង្ហាញសេចក្តីព្រាងសូចនាករសមិទ្ធកម្មគន្លឹះៗពាក់ព័ន្ធនឹងយេនឌ័រ សម្រាប់ការពិភាក្សា និងការចាត់អាទិភាព។

ថ្លែងក្នុងកម្មវិធីបើក ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថាក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងដឹកនាំសម្របសម្រួលរៀបចំ «ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣  (NDC 3.0)» ដើម្បីបង្ហាញពីមហិច្ឆិតាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់កម្ពុជា ពីគ្រប់វិស័យជាពិសេសវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។ ក្រសួងបរិស្ថាន ក្នុងភាពជាដៃគូជាមួយក្រសួង ស្ថាប័នវិស័យពាក់ព័ន្ធ សំដៅដាក់បញ្ចូលសមភាពយេនឌ័រទៅក្នុង NDC 3.0 និងវិធានការបញ្ជ្រាបយេនឌ័រទៅក្នុងវិធានការតាមវិស័យ តាមរយៈដំណើរការរួមមាន៖ ការពិនិត្យលើបញ្ហា និងគម្លាតយេនឌ័រពាក់ព័ន្ធការប្រែប្រួលអាកាសធាតុក្នុងវិស័យរបស់ NDC និងយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ, ការពិគ្រោះយោបល់ទូលំទូលាយជាមួយក្រុមការងារបច្ចេកទេសការប្រែប្រួលអាកាសធាតុ (CCTWG) ក្រុមការងារបញ្ជ្រាបយេនឌ័រ (GMAGs) សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ស្ដីពីបញ្ហាប្រឈម និងជំហានបន្ទាប់ដែលមានសក្ដានុពល សម្រាប់ដាក់បញ្ជូនក្នុងNDC 3.0។ 

ក្នុងឱកាសនេះផងដែរ ឯកឧត្តមបានស្នើឱ្យក្រុមការងារក្រុមការងារក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធ ត្រូវមានកិច្ចសហការគ្នាល្អជាមួយក្រុមក្រុមការងារបច្ចេកទេសអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ និងត្រូវឱ្យប្រាកដថាធាតុចូលទាំងអស់ត្រូវមានការឯកភាព និងការអនុម័តពីក្រសួង វិស័យរបស់ខ្លួន ដើម្បីរៀបចំផែនការជាតិមួយនេះឱ្យបានគ្រប់ជ្រុងជ្រោយ អាចអនុវត្តបានដែលមានគោលដៅច្បាស់លាស់ក្នុងការនាំប្រទេសកម្ពុជា ឆ្ពោះទៅអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០ និងស្របតាមក្របខណ្ឌអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ។

គូសបញ្ជាក់ថា សមភាពយេនឌ័រនិងការប្រែប្រួលអាកាសធាតុ ត្រូវបានទទួលស្គាល់កាន់តែខ្លាំងថា ជាបញ្ហាប្រទាក់ក្រឡាគ្នាក្នុងបរិបទផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្រោម កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ ហើយរាល់វិស័យដែលបានស្នើឡើង ក្នុងNDC 3.0 គឺទាមទារឱ្យមានការដាក់បញ្ចូលបរិយាប័ន្នសង្គម យេនឌ័រ សិទ្ធិមនុស្ស ក្រុមជនជាតិដើមភាគតិច ក្រុមងាយរងគ្រោះផ្សេងទៀត មានកុមារ យុវជន មនុស្សចាស់ និងការគិតគូរអំពីប្រភពធនធានហិរញ្ញវត្ថុដើម្បីអនុវត្ត។






  • Share on Social Media