នៅថ្ងៃសុក្រ ១៣កើត ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តក្រសួងបរិស្ថានក្រោមកិច្ចសហការជាមួយវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតងបានរៀបចំសិក្ខាសាលាផ្តល់សុពលភាពគម្រោង «ផែនទីបង្ហាញផ្លូវនៃការប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុសម្រាប់យានយន្ត អគ្គិសនី» ក្រោមអធិបតីភាព ឯកឧត្តម ជា ចន្ទន៍ធូ អគ្គនាយករងគោលនយោបាយ និងយុទ្ធសាស្រ្ត និងលោកបណ្ឌិត Sang Hyup Lee ប្រធានវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតងដោយមានការចូលរួមពី ក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ តំណាងវិទ្យាស្ថានជាតិបច្ចេកវិទ្យាបៃតង និងតំណាងស្ថាប័នធ្វើការលើយានយន្តអគ្គិសនីចំនួន ៣៥នាក់។

សិក្ខាសាលាផ្តល់សុពលភាពនេះមានគោលបំណងដើម្បីផ្តល់សុពលភាពលើផែនទីបង្ហាញផ្លូវ នៃការប្រើប្រាស់បច្ចេកវិទ្យាអាកាសធាតុសម្រាប់យានយន្តអគ្គិសនី។ ក្នុងសុន្ទរកថាបើក ឯកឧត្តម ជា ចន្ទន៍ធូ  បានលើកឡើងថាមួយរយៈពេលចុងក្រោយនេះ យើងបានមើលឃើញជាក់ស្តែងពីផលប៉ះពាល់ធ្ងន់ធ្ងរបណ្តាលមកពីការប្រែប្រួលអាកាសធាតុដូចជា រលកកំដៅនៅកម្ពុជាក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍។ ពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន របាយការណ៍វាយតម្លៃលើកទី ៦ របស់ IPCC ក៏បានបង្ហាញផងដែរថា ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សម្រាប់វិស័យដឹកជញ្ជូនក្នុងឆ្នំា ២០១៩ តំណាងឱ្យ ១៥% នៃការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់សរុប។ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន បានក្លាយជាបញ្ហាមួយដែលទទួលបានការយកចិត្តទុកដាក់ ទំាងក្នុងកម្រិតពិភពលោក និងតំបន់។ ក្នុងឆ្នាំ ២០២២ ការលក់យានយន្តអគ្គិសនីទូទាំងពិភពលោក បានកើនឡើងប្រមាណ ៦០% ។  

ឯកឧត្តម បានបន្តលើកឡើងថា សហគមន៍អឺរ៉ុបបានដាក់ចេញច្បាប់ដើម្បីហាមឃាត់ការប្រើប្រាស់យានយន្តប្រើប្រាស់ឥន្ធនៈហ្វូស៊ីលត្រឹម ឆ្នាំ ២០៣៥។ បន្ថែមពីនេះ កិច្ចព្រមព្រៀងបៃតងអឺរ៉ុប (European Green Deal) ក៏បានដាក់គោលដៅដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៩០% ពីវិស័យដឹកជញ្ជូនត្រឹមឆ្នាំ ២០៥០។ ឯកឧត្តម បានគូសបញ្ជាក់បាន កម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចនៅក្នុងពិភពលោក។ ទោះយ៉ាងណា កម្ពុជានៅតែចាត់ទុកការប្រែប្រួលអាកាសធាតុជាបញ្ហាចាំបាច់និងបន្ទាន់ដោយបានដាក់បញ្ចូលទៅក្នុង សេចក្តីព្រាងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ ២០២៣-២០២៨ នៅមុំទី ៥។ បន្ថែមពីនេះ របាយការណ៍ Updated NDC បានដាក់ចេញគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ប្រមាណ ៤២% ត្រឹមឆ្នាំ ២០៣០ ធៀបទៅនឹងសេណារីយ៉ូគោល។  យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន (LTS4CN)  បានដាក់ចេញគោលដៅដើម្បីកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យដឹកជញ្ជូន តាមរយៈការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី និងឡានក្រុងឱ្យបាន ៤០%  និងម៉ូតូ អគ្គិសនីឱ្យបាន ៧០% ត្រឹមឆ្នំា២០៥០។ 

  • Share on Social Media