នៅថ្ងៃច័ន្ទទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ដោយមានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (GCF) បានរៀបចំសិក្ខាសាលាស្តីពី ការបង្កើតបណ្តាញ  អ្នកជំនាញផ្សព្វផ្សាយព័ត៌មានស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាព ឯកឧត្តម ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅសណ្ឋាគារ កាំបូ ឌីយ៉ា ណារាជធានីភ្នំពេញ។ 

សិក្ខាសាលានេះមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ដ តំណាងស្ថាប័នពាក់ព័ន្ធនិងសារព័ត៌មានចំនួន១៧ស្ថាប័ន សរុបចំនួន ៤២នាក់។  សិក្ខាសាលានេះមានគោលបំណងដើម្បី ១)លើកកម្ពស់ និងបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង សារព័ត៌មានធ្វើការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ២) បង្កើនការយល់ដឹងដល់អ្នកជំនាញសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាពទៅដល់សាធារណៈជននិងវិស័យពាក់ព័ន្ធ និង ៣) ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យកាន់ តែទូលំទូលាយតាមរយៈបណ្ដាញប្រព័ន្ធផ្សព្វផ្សាយនានាក៏ដូចជាការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហា ប្រែប្រួលអាកាសធាតុ។ ឯកឧត្តម ភាវ សុវុទ្ធី បានលើកឡើងថាកម្ពុជា ជាប្រទេសមួយ ដែលងាយរងគ្រោះដោយសារ ការប្រែប្រួលអាកាសធាតុ ហើយ ជាញឹកញាប់ប្រទេសកម្ពុជា បានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។

ស្របពេលជាមួយគ្នានេះផងដែរ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងឈានមុខគេ ក្នុងការអនុវត្តវិធានការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងមានវឌ្ឍនភាពខ្លាំងផ្នែក រៀបចំសកម្មភាព និងផែនការដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាស ។ការប្រែប្រួលអាកាសធាតុបាននិងកំពុងត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១  ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) យុទ្ធសាស្ត្រនិងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣ យុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍ ពាក់ព័ន្ធ ផ្សេងៗ និងជាពិសេសបានបានធ្វើការបញ្ជ្រាបនិងដាក់បញ្ចូលការ ប្រែ ប្រួល អាកាសធាតុនៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការថវិកាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។ ឯកឧត្តម ហេង ចាន់ធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តបានចូលរួមជាគណអធិបតីក្នុងពិធីបិទសិក្ខាសាលានេះ។ ជាលទ្ធផល សិក្ខាសាលាបានបង្ហាញលម្អិតអំពីស្ថានភាពនៃផល ប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា យន្តការ គោលនយោបាយ និងយុទ្ធសាស្រ្ដសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងសកម្មភាពអនុវត្តជាក់ស្តែងមួយចំនួនផងដែរ។ 






 

  • Share on Social Media