នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ទិន ពន្លក អនុប្រធានទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ អង្គភាពព័ត៌មាន ប៊ីប៊ីស៊ី មីឌៀ អាកសិន (BBC Media Action) ធ្វើបទសម្ភាសជុំវិញបញ្ហាការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើការសិក្សាស្រាវជ្រាវលើកទី៣ ស្ដីពី ​«ការស្វែងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា៖ ចំណេះដឹង ឥរិយាបថ និងការអនុវត្ត»។ កិច្ចសម្ភាសនេះមានគោលបំណងស្វែងយល់ពីទស្សនវិស័យ និងកិច្ចអន្តរាគមន៍នានា    ជុំវិញបរិបទការប្រែប្រួលអាកាសធាតុ គោលនយោបាយ និងផែនការយុទ្ធសាស្ត្រនាពេលអនាគតរបស់ក្រសួងបរិស្ថានសម្រាប់ជាទស្សនទានដល់ប្រជាជនកម្ពុជាឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម ទិន ពន្លក បាន​​លើកឡើងថា ការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមមួយសម្រាប់ពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍តិចតួច ដូចជាប្រទេសកម្ពុជា ដែលមានសមត្ថភាពបន្ស៊ាំទាប ធនធាន និងបច្ចេកទេសនៅមានកម្រិតដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វិស័យកសិកម្ម ធនធានទឹក និងហេដ្ឋារចនាសម្ព័ន្ធ ងាយរងឥទ្ធិលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ហើយបន្តប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលចាត់ទុកការប្រែប្រួលអាកាសធាតុជាបញ្ហាអាទិភាពដែល​​ត្រូវដោះស្រាយតាមរយៈគោលនយោបាយ និងផែនការសកម្មភាពនានា​ ដូចជា​យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តឆ្លើយ​​តប​​នឹងការប្រែប្រួលអាកាសធាតុ (CCCSP) ២០១៤-២០២៣។ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ (ក.ជ.អ.ច) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីសម្របសម្រួល និងរៀបចំគោលនយោបាយទាក់ទងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ និងសំដៅ​​ធានាបាននូវ​តុល្យភាព​សេដ្ឋកិច្ច បរិស្ថាន​ សង្គម និង​វប្បធម៌នៅ​ក្នុងប្រទេស​កម្ពុជា។ ជាមួយគ្នានេះដែរ ការលើកកម្ពស់ការយល់ដឹង និងការកសាងសមត្ថភាព ការសិក្សាស្រាវជ្រាវ ការកៀរគរធនធាន ការអនុវត្តគម្រោងប្រែប្រួលអាកាសធាតុ ការរៀបចំសេចក្តីព្រាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តដើម្បីជំរុញប្រសិទ្ធភាពថាមពល អាគារបៃតង និងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាកិច្ចការអាទិភាពសំខាន់ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម បានបន្ថែមទៀតថា ក្នុងកម្រិតអន្តរជាតិ​ ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ឆ្នាំ១៩៩៥ ពិធីសារក្យូតូឆ្នាំ២០០២ កិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ស្តីពីការប្រែប្រួល​អាកាសធាតុ​ ឆ្នាំ​២០១៦ ហើយថ្មីៗកម្ពុជាបានដាក់របាយការណ៍បច្ចុប្បន្នភាពនៃការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជា​​​ជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (NDC Update)​ ទៅលេខាធិការដ្ឋានអនុសញ្ញា UNFCCC និងបានបង្ហាញពីជំហររបស់ខ្លួន ក្នុង​​កា​រចូលរួមជាមួយសហគមន៍អន្តរជាតិដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសកម្មភា​ពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា ការចូលរួមចំណែក និងការពង្រឹងចំណេះដឹងរបស់សាធារណជនស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈការកសាងផែនការធន់នឹងអាកាសធាតុនៅកម្រិតមូលដ្ឋាន ការអនុវត្តល្អៗដូចជា ការដាំដើមឈើ និងការកាត់បន្ថយសំណល់ ការសន្សំសំចៃទឹកនិងថាមពល ជាកត្តាចូលរួមយ៉ាងសំខាន់ក្នុងការបន្ស៊ាំខ្លួន និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នឹងសម្រេចឱ្យបាននូវផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

  • Share on Social Media